តើខ្មែរក្រហម មាន ប៉ុន្មានប្រភេទ ?

0 comments

នេះជាចំណងជើង និង ជាសំណួរ ដែលខ្ញុំបានសរសេរ​ដើម្បី​ចូលរួមប្រឡង​ស្នាដៃនៅ​មជ្ឈ មណ្ឌល​ឯក​សារកម្ពុជា កាល​ពីឆ្នាំ២០០៣ ហើយពុំបានទទួលលទ្ធអ្វីនោះទេ។
ទោះបីដឹងថា ប្រហែលជាខុសនឹងប្រធានបទ នៃការប្រឡង​ក្តី តែខ្ញុំពេញចិត្តនឹងសរសេរវា ព្រោះខ្ញុំក៏ជាចំ​ណែក​​មួយនៃ​ការដឹង និង ចងចាំអំពីប្រវត្តិសាស្រ្តនេះដែរ។
ប្រហែលដោសារខ្ញុំពុំមែនជាអ្នកប្រវត្តិសាស្រ្ត និង ជាអ្នកនយោបាយ ទើបធ្វើឲ្យខ្ញុំ​មាន​បំណង និង ចងក្រងវាឡើង។​វាជា​ចម្ងល់​ប្រហែលមានតែខ្ញុំម្នាក់គត់ ដែលល្ងីល្ងើសួរសំ ណួរនេះ? ព្រោះពួកគេសុទ្ធតែបានយល់យ៉ាងច្បាស់អំពីខ្មែរក្រហម។
ការលើកឡើងរបស់ខ្ញុំ គឺធ្វើឡើងទៅតាមអ្វី ដែលខ្ញុំធ្លាប់ជួប និង ឃើញកាលពីខ្ញុំស្ថិត​ក្នុងវ័យជាកុមារភាពនៅឡើយ។
នៅក្នុងអត្ថន័យ នៃអត្ថបទដែលមិនត្រូវបានជ្រើសជាស្នាដៃឯក ក្នុងការប្រឡងនោះ អ្វី ដែលខ្ញុំស្រឡាញ់ និង ពេញចិត្តជាងគេ គឺ​ពាក្យមួយឃ្លា ដែលបងស្រីទីមួយរបស់ខ្ញុំបាន និយាយមកកាន់ខ្ញុំ ជាមួយនឹងការយកប្រអប់ដៃរបស់កាត់មកខ្ទប់មាត់ខ្ញុំផងគឺពាក្យ ថា អាអូន ឈប់ហៅប៉ាថាប៉ាទៀតទៅ ព្រោះឥឡូវគេឈប់ឲ្យយើងហៅថាប៉ាទៀតហើយ។
ខ្ញុំនៅចាំថា ពេលនោះ ខ្ញុំបានសាកល្បងហៅប៉ារបស់ខ្ញុំថា​ពុក វាដូចជានៅតែរឹងៗមាត់ មិនរលូន ថ្នឹក​ស្រួល​​សោះ។តែ​ពីរ​បីថ្ងៃក្រោយមក ខ្ញុំបានទៅជួបសាវឿន ហៅអាតាវ វាបាន​ប្រាប់ខ្ញុំដែរថា វាបានប្តូរ​ពីកា​ហៅ​ប៉ាមកពុកនេះ យូរថ្ងៃមក​ហើយ ហើយវាសាក ល្បងហៅឲ្យខ្ញុំមើល។ខ្ញុំស្តាប់ទៅ វា​ដូច​ជារអិល​មាត់​ជាងខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមហៅតាមវា​រហូត​មកដល់សព្វថ្ងៃនេះដែរ។
ការសរសេរ កាលពីឆ្នាំ២០០៣ ក្នុងនាមខ្ញុំជាអ្នកធ្វើការពាក់កណ្តាលម៉ោង ផាតថែម ឲ្យ មជ្ឈមណ្ឌលឯក​សារ​កម្ពុជា ខ្ញុំបានរៀបរាងវាជា១៥ទំព័រ ជាសំណេរដៃ។វាគ្មានបានធ្វើ ឲ្យគណកម្មការកំណែរ មានការចាប់អារម្មណ៍ទេ ព្រោះវាជាបទ​ពិសោធន៍ ដ៏ឆ្កួតលីលា​របស់ខ្ញុំ ដែលមើលទៅគ្មានតម្លៃសម្រាប់ប្រវត្តិសាស្រ្ត។
ប៉ុន្តែ ខ្ញុំនៅតែស្រលាញ់ស្នដៃនេះ ហើយខ្ញុំបានគិត និង លើកទឹកចិត្តខ្លួនឯងថា ថ្ងៃណា មួយ នឹងមានអ្នកណាម្នាក់យល់អំពីវា ហើយ​ឲ្យ​តម្លៃវា។ការរៀបរាប់របស់ខ្ញុំ មើលទៅ​ដូច​ជាប្រលោមលោក និង ជាការរៀបចំឲ្យកាន់តែកម្សត់ណាស់ តែវាគឺជាការពិត ដែល វាបាន​កើតឡើងមកលើគ្រួសារខ្ញុំ និង ជាការខ្ញុំចងចាំរបស់ខ្ញុំឥតកាឡៃឡើយ។
ការចាប់ផ្តើមនៃប្រវត្តិសាស្រ្តនេះ កាលពីដំបូងឡើយ ខ្ញុំតែងតែជួបជុំគេងជាមួយបង​ស្រី​ទាំងពីររបស់ខ្ញុំ​ នៅរៀងរាល់ល្ងាច ក្រោយពី​ហូប​បាយរួចនៅរោង​បាយដ៏​ធំមួយ ដែល សង់​ឡើងពីឈើប្រក់កក់ និងបានពីការរុះរើផ្ទះអ្នកភូមិមួយចំនួនមកធ្វើនៅកណ្តាល​ភូមិ ។ប៉ុន្តែ មួយរយៈក្រោយមក ខ្ញុំក៏លែងឃើញគាត់មកសម្រាកនៅផ្ទះដូចមុនទៀត។ខ្ញុំក៏ បានសួរម្តាយខ្ញុំអំពីរឿងនេះដែរ។
ទោះបីជាកាលណោះខ្ញុំកំពុងស្ថិតអាយុតែជាងពីរឆ្នាំ និង ខ្ញុំ​មិនមែនជាក្មែងដ៏អច្ឆិយក៏ដោយ ក៏ពិតជា​នៅ​ចងចាំថា ថ្ងៃ​នោះវាបានកើតឡើង នៅពេលអ្នកភូមិ ក៏ដូចជាម្តាយឪ ពុក​របស់ខ្ញុំ កំពុងតែរៀបចំ​សែន​ដូន​តាតាមប្រពៃណី ដើម្បីប្រា​រព​ពិធីបុណ្យចូលឆ្នាំខ្មែរ ។ ខ្ញុំកំពុងរត់លេងនៅមុខផ្ទះ ជា មួយមិត្តភក្តិ​ក្មេងៗ​នៅ​ឡើយ ស្រាប់តែបងៗ ដែលមានវ័យ​ជាង១០ ឬម្ភៃឆ្នាំ បាននាំគ្នាឡើងទៅលើផ្ទះអ្នកជិត​ខាងខ្ញុំ​ម្នាក់ លើក​លីតុ ​ទូ ដែលធ្វើអំពីឈើដ៏ប្រណិតៗរបស់គាត់ចុះមកដី។ខ្ញុំមិន​ដឹងថាពួកគាត់​ធ្វើ​ អ្វីនោះទេ តែជាបន្ត​បន្ទាប់​ក្រោយ​មក ក៏ឃើញអ្នកភូមិច្រើនឡើងៗ ធ្វើសកម្មភាព ជញ្ជូនឥវ៉ាន់ចេញ​ពីផ្ទះរបស់​ខ្លួនយក​ទៅទុក​នៅផ្ទះ​ថ្មមួយកន្លែង ដែលស្ថិតនៅកណ្តាល ភូមិ ដែលផ្ទះនេះ ជារបស់អនិកជនចិន ដែលមករស់នៅតាំងពីយូរ​យារ​មកហើយឈ្មោះ ថាចឹកឡោ។នៅក្នុងនោះដែរ គ្រួសាខ្ញុំក៏ត្រូវបានគេឲ្យប្រមូលរបស់របរទៅដាក់រួមដែរ តែលោកឪពុករបស់ខ្ញុំ គាត់បានលួចលាក់នូវកូនវិទ្យុតូចពណ៌ខៀវរបស់គាត់នៅកោន ជញ្ជាំង និង ពេលនោះគាត់បានមានសិទ្ធិទុក​កង់ម៉ាកក្តាន់​ដេក​តួ​ស្រីពណ៌ក្រហម មួយ​ជិះ។គាត់តែងជាជិះវាទៅធ្វើការនៅការដ្ឋាន ដែលគាត់ជាអ្នកដឹកនាំក្រុម ឬកងភ្ជួររាស់។
ដោយសារគាត់មានតួនាទីជាប្រធានក្រុម និង រវល់ក្នុងការ បំពេញភារកិច្ចជូនអង្គការ ផងនោះ លោកឪ​ពុក​​របស់ខ្ញុំ មិន ដែលបានត្រឡប់មក ផ្ទះនៅមុនម៉ោង៧យប់ទេ។យ៉ាង ហោចណាស់ គាត់ត្រូវ​បានត្រ​ឡប់​មកពីការដ្ឋានវិញ នៅ ម៉ោង៦ល្ងាច ដោយកង់តួស្រី របស់​គាត់ និង រង់ចាំទទួល ទានបាយជុំគ្នាជា​មួយ​បណ្តាសមមិត្តរបសើគាត់មានអ៊ុំអឿន ប្រធានសង្កាត់ ពូវ៉ាន ប្រធានកងឈ្លប អ៊ុំយ៉ាន់ អ៊ុំឡេង និងអ្នក​ផ្សេងៗទៀត ដែលខ្ញុំចាំ មិន​អស់។ខ្ញុំបានថា មានល្ងាចថ្ងៃមួយម៉ោងប្រមាណជា៧យប់ ខណៈពេល​ឪពុក​ខ្ញុំ​កំពុង អង្គុយទទួលទានបាយជាមួយបណ្តាសមមិត្តរបស់គាត់ ខ្ញុំក៏បានទៅក្បែរគាត់ព្រោះតែក្តី នឹករឮក។​ប៉ុន្តែ​ពេលនោះ ខ្ញុំបានជាន់ត្រូវខ្សែភ្លើងម៉ាស៊ីន ដែលកំពុងបញ្ឆេះ ធ្វើឲ្យវាឆក់ ខ្ញុំ ហើយខ្ញុំក៏ដួលទៅលើដីមួយរំពេច។ខ្ញុំបានស្រែកយំ តែ​ឪ​ពុក​របស់ខ្ញុំមិនបានចុះមក លើកខ្ញុំភ្លាមនោះទេ ព្រោះប្រហែលខ្លាចចិត្តមេ ឬក៏បណ្តាសមមិត្តរបស់គាតហើយ។ គាត់មានការ​រា​រែក​ក្នុងចិត្ត ក្នុងការចុះមកលើកខ្ញុំ។គាត់ធ្វើបែបនេះ មិនមែនគាត់ខ្លាចឬ មិនចង់ជួយខ្ញុំទេ តែគាត់គឺជាមនុស្ស ដែលស្មោះ​ត្រង់​ជា​មួយនឹងអង្គការម្នាក់ គាត់មិន​ចង់​ឲ្យគេមើលបំណាំគាត់ទេ។បន្តិចក្រោយមក អ៊ុំអឿន ដែលជាប្រ​ធាន​សង្កាត់ និង ដែលគ្រួ​សារ​របស់គាត់មានការរាប់អានជិតដិតជាមួយគ្រួសារខ្ញុំ​ផង​នោះ បានចុះមក​លើក​ខ្ញុំ។ខ្ញុំនៅចាំថា ហេតុអ្វីក៏ឪពុកខ្ញុំមិនចុះមកលើកខ្ញុំ វាគ្មាន​គុណធម៌សោះ។ប៉ន្តែអ្វីៗ ខ្ញុំបានដឹង និងលែងឆ្ងល់ក្រោយពេលខ្ញុំធំដឹងក្តី។
វាជារឿងដ៏គួរឲ្យពិបាកយល់ ព្រោះគាត់មិនដែលត្រឡប់មកផ្ទះនៅមុនថ្ងៃលិចទេ ខ្ញុំក៏ មិន​ដែលបានហូបបាយជាមួយគាត់ដែរ ផ្ទុយ​ទៅ​វិញ ខ្ញុំតែងតែទៅក្បែរបងស្រី​ទីមួយ​របស់​ខ្ញុំដើម្បីបានបាយហូបបន្ថែម។ពួកខ្ញុំ ពេលខ្លះ មិនដែលបានហូបបាយឆ្អែតទេ ដែល កាល​ពីដំបូង ក្រុមកុមារដូចជាពួកខ្ញុំ គេឲ្យហូបបបរពេលព្រឹកមួយពេល នឹងហូប បាយលាយដំឡូងឬពោត ពីរពេលជា​មួយ​ឪ​ពុកម្តាយនាពេលល្ងាច។
ក្នុងគ្រានេះ គឺគ្រាដែលអ៊ុំអឿននៅកាន់កាប់ គាត់មន្ទីរមួយនៅឯចុងភូមិ ដែលអ្នកភូមិ​ហៅថាក្បាលជ្រោយ។​នៅជុំវិញ​មន្ទីរ​របស់គាត់សំបូរទៅដោយចេក អំពៅ និង រុក្ខជាតិ​ហូបផ្លែផ្សេង។
ក្នុងរបប ដែលគ្រប់គ្រងដោយអ៊ុំអឿននេះ តាមខ្ញុំចាំ គឺប្រជាជននៅតែហូបបាយពីរ​ពេលក្នុងមួយថ្ងៃ គ្រាន់តែបាយនោះ មានលាយ​ពោត សណ្តែក និង ជួនកាលលាយ ដំឡូង ហើយពួកុមារៗ ដូចជាពួកខ្ញុំពេលព្រឹកមានបបរហូបជាប្រចាំដែរ។
មុនពេលរឿងរ៉ាវត្រូវក្រឡាប់ចាក់ ខ្ញុំចាំថា ខ្ញុំតែងតែនៅជាប់ជាមួយម្តាយរបស់ខ្ញុំ ហើយ មានពេលខ្លះ ខ្ញុំបានចូលក្នុងជួរ នៅ​ពីមុខ​រោងដ៏ធំមួយ ដើម្បីគោរពទង់ជាតិជាមួយ​ម្តាយរបស់ខ្ញុំ ហើយម្តាយរបស់ខ្ញុំមិនទាន់ត្រូវគេបង្ខំឲ្យចុះទៅធ្វើការដូចអ្នកភូមិផ្សេង​ទៀត​ ទេ។​ហេតុការណ៍នេះហើយ ដែលជម្រុញ និង បង្ខំអ្នកភូមិឲ្យស្អប់ និងគុំគួនម្តាយ របស់ខ្ញុំ ដោយគ្រាន់តែ​គាត់ជា​​ប់​សាច់​ឈាម​ជាជន​ជាតិចិន និង មានឪពុកខ្ញុំជាប្រធាន​កងភ្ជួរតែប៉ណ្ណោះ។ពួកអ្នកភូមិ បានគុំគួនម្តាយរបស់ខ្ញុំជាងឪពុកខ្ញុំ ព្រោះឪពុកខ្ញុំជាកូន កសិករ ដែលរស់នៅភូមិព្រែករែ ឃុំព្រែករៃ ជាមួយពួកគេដែរ។
ការរស់នៅដំបូង របស់ពួកយើង គ្រាដំបូង​បើទោះបីជាកាលណោះ វាមានការគាប​សង្កត់​ពីសំណាក់អង្គការក្តី តែអ៊ុំអឿន តែងតែ​ឲ្យប្រ​ជាពលរដ្ឋ ទទួលទានបាយលាយ​ដំឡូ​លាយសណ្តែក និង លាយពោត។មិនតែប៉ុណ្ណោះ អ៊ុំអឿន តែងតែជួយសង្រ្គោះប្រ​ជាពលរដ្ឋ ដែល​រត់​គេចពីតំបន់ផ្សេងមកជ្រកកោណក្នុងតំបន់ ដែលគាត់កាន់កាប់នេះ។
តាមលោកឪពុករបស់ខ្ញុំ ដែលគាត់ជាសមមិត្តជាមួយអ៊ុំអឿននិយាយថា ដោយសារការ មិនយកទោសពៃ ដល់អ្នកទោស ដែលរត់​មក​ពីទីកន្លែងផ្សេង ហើយចេះតែរាយការ​ទៅថ្នាក់លើថា បានសម្លាប់ខ្មាំងនោះ បានធ្វើឲ្យចុងក្រោយនៃជីវិត គាត់អ៊ុំអឿនត្រូវបាន គេចាប់​គាត់យកទៅសម្លាប់។
ខ្ញុំនៅចាំបានថា ថ្ងៃដែលគេចុះមកចាប់អ៊ុំអឿននាថ្ងៃនោះគឺកងឈ្លបពីរនាក់ ម្នាក់មានស្ពាយកាំភ្លើងអាកាស្វាយបត់ ជិះម៉ូតូពីកើតមក ហើយឈប់នៅមុខផ្ទះបងអ៊ុល ត្រូវជាជីទួតមួយរបស់ខ្ញុំ និង ដែលមុខផ្ទះរបស់គាត់ត្រូវបានគេវាយកម្ទេចចេតីយ៍ដ៏ចំណាស់មួយ ហើយ ដែលអ្នកវាយនោះប្អូនថ្លៃប្រុសគាត់ ក៏ចូលរួមដែរ គឺបងជា។
ពេលម៉ូតូឈប់ នៅមាត់ផ្លូវបំបែកទៅបឹងកក់ កន្លែងអ្នកភូមិទាំងអស់ត្រូវទៅធ្វើការនៅទីនោះ ពួកខ្ញុំក៏រតើវ៉ទៅរកម៉ូតូ ដោយគ្មានដឹង​រឿងអ្វីទាំងអស់។កងឈ្លបអង្គុយខាងក្រោយចុះពីលើម៉ូតូ រួចសួររកអ៊ុំអឿនថា អ៊ុំអឿនទៅណាហើយ ផ្ទះគាត់នៅកន្លែងណា?។ភ្លាម នោះរដ្ឋា ដែលជាកូនប្រុសច្បងរបស់គាត់ ទំនងជាដឹងរឿងខ្លះៗ បានរារែកមិនចង់ចូលមកក្បែរទាហាននោះទេ។ប៉ុន្តែ ដោយមានការ ចង្អុល និង គំរាមទើបរដ្ឋាដើរចូលមកក្បែរ ហើយទាហាននោះសួររដ្ឋាបន្តថា តើប៉ារបស់ឯងទៅណា?។អាចជូនខ្ញុំទៅជួបបានទេ?។
រដ្ឋា ដោយមិនដែលស្គាល់ទាហា​នទាំងនេះក៏នៅមិនទាន់ហ៊ាននិយាយអ្វីដែរ តែទាហាននោះបន្តបញ្ជាថា ទៅប្រាប់គាត់ទៅ ថាពួកខ្ញុំ ឲ្យហៅ។ទាហាន ដែលមានអាយុប្រហែលតែ២១ឆ្នាំ និយាយដោយទឹកមុខមាំ។រដ្ឋា ក៏បានដើរសំដៅទៅកន្លែង ដែលអ៊ុំអឿនបានទៅ កាលពីព្រឹក គឺបឹងកក់ និង រហាត់ខ្យល់ ដើម្បីមើលការងារប្រចាំថ្ងៃរបស់ក្រុមអ្នកភូមិ។
ខ្ញុំមិនដឹងរដ្ឋា ទៅនិយាយជាមួយអ៊ុំអឿនថាដូចម្តេចទេ ព្រោះមិនបានទៅជាមួយគាត់។តែតាមខ្ញុំដឹង អ៊ុំអឿនមិនបានបារម្ភអំ​ពីការ​ចាប់ខ្លួនគាត់ទេ ព្រោះគាត់គិតថា មិនដែលធ្វើអ្វីខុសជាមួយអង្គការ។
ប្រហែល២០នាទីក្រោយ អ៊ុំអឿនបានមកដល់។ដោយឃើញទាហានចម្លែកពីរនាក់កំពុងរង់ចាំ អ៊ុំអឿន បានប្រែទឹកមុខ ហើយដោយ គ្មានការសួរនាំ ទាហានទាំងពីរនាក់បានចូលមកចាប់ក្រៀកគាត់ចងដៃមកក្រោយ ហើយបញ្ជាឲ្យឡើងម៉ូតូចេញទៅ។ឯរដ្ឋា នៅធ្វើមុខ ស្រឡាំងកាំងជិតពួកខ្ញុំ។
ម៉ូតូសេអិល ពណ៌ក្រហម មានកាងពីមុខបាននាំអ៊ុំអឿនឆ្ពោះត្រឡប់ទៅទឹសខាងកើតវិញ។បន្ទាប់មក ផ្អើលដល់អ្នកភូមិគ្រប់គ្នា។
ខ្ញុំមិនដឹងថា បន្ទាប់មកទៀត រឿងរ៉ាវកើតឡើងយ៉ាងដូចម្តេចទៀតទេ តែពីរបីថ្ងៃក្រោយមក រឿងនេះ ត្រូវបានអារុន អាខឿន និង ក្មេងៗ​ផ្សេងទៀតនិយាយតៗគ្នាថា អ៊ុំអឿន ត្រូវគេយកមកចងក្នុងវត្ត ហើយកាច់សំបុកអង្រ្កងដាក់ឲ្យខាំ។មិនតែប៉ុណ្ណោះ គេបាន បណ្តោយឲ្យអ្នកភូមិមួយចំនួន វាយ ទាត់ធាក់អ៊ុំអឿនតាមចិត្ត ដោយចោទថា អ៊ុំអឿនជាជនក្បត់។
ប្រហែលដោយសារកាលណោះខ្ញុំនៅក្មេងមិនទាន់ដឹងអីនៅឡើយ ទើបធ្វើឲ្យមិនយល់នូវអ្វីទាំងអស់។ជំនាន់អ៊ុំអឿន មានអ្នកទោស ទាំងខ្សែៗ ដែលគេចងបណ្តើរមកឈប់មុខរោងដាំបាយរួម ដែលមានអ្នកទោសខ្លះ ត្រូវគេរុំមុខដោយក្រណាត់ពណ៌ខ្មៅ។ពេលពួកខ្ញុំ សួរថា តើអ្នកទាំងនោះជាអ្វី ឬជាអ្នកណា គេប្រាប់ថា គឺជាចោព្រៃ។ក្រៅពីការចោទនេះ គ្មានពាក្យអ្វីទៀតទេ។ប៉ុន្តែបើតាមការចងចាំ របស់ខ្ញុំ និង ការរៀបរាប់របស់ឪពុកខ្ញុំក្រោយពេកបែកភ្នំពេញថា ការចាប់ខ្លួនអ៊ុំអឿន​គឺដោយសារគាត់មិនបានធ្វើតាមការណែនាំ​របស់បក្ស ឬថ្នាក់លើ ដែលតម្រូវឲ្យមានការសម្លាប់មនុស្ស និង ដកហូតម្ហូបអាហារ។ឪពុករបស់ខ្ញុំ ដែលជាមិត្តភក្តិមិនសូវជិតដិតដែរ នោះបានមានប្រសាសន៍ថា អ៊ុំអឿន មិនត្រឹមតែមិនសម្លាប់ប្រជាពលរដ្ឋទេ គឺកាន់តែជួយលាក់បន្ថែមទៀត នៅពេលមានអ្នកភូមិលួច រត់ចូលមកពីស្រុកផ្សេង។ឪពុកខ្ញុំបន្តទៀតថា មូលហេតុ ដែលធ្វើឲ្យអ៊ុំអឿនមិនដាច់ចិត្តសម្លាប់មនុស្ស គឺត្រង់ថា ថ្ងៃមួយអ៊ុំអឿនបាន ទៅមើលទីកន្លែង ដែលគេចងមនុស្សរង់ចាំដល់ថ្ងៃសម្លាប់មួយ នៅក្បែរវត្តមុនីឃោសារាម ដើម្បីចង់ដឹងអំពីស្ថានភាពរបស់អ្នក ទាំងនោះ ។ប៉ុន្តែពេលទៅ ដល់អ៊ុំអឿន បានមើលឃើញ និង ឮអ្នកទោសម្នាក់បានបន់ស្រន់នៅក្បាលស្ពានសម្រាប់ចុះកំពង់ងូតទឹក​ ថាសូមឲ្យទេវតាសម្លាប់គាត់ចុះ គាត់មិនចង់ឲ្យគេសម្លាប់ទេ។(អ្នកទោសទាំងនេះ មិនត្រូវបានគេចងទេ)។ក្រោយពីនិយាយហើយ បុរសនោះ បានលោតចុះទៅក្នុងទឹកប្រូង ហើយបន្ទាប់មកបុរសនោះអណ្តែតឡើងមកលើវិញ។បុរសនោះចេះតែធ្វើដូច្នេះពីរបីដង តែ គាត់នៅតែមិនស្លាប់។
ឪពុកខ្ញុំប្រាប់ទៀតថា ក្រោយពីឃើញដូច្នេះហើយ អ៊ុំអឿនក៏ត្រឡប់មកវិញ រួចបញ្ជាឲ្យគេដោះលែងអ្នកទាំងនោះវិញ រួចគាត់រាយ​ការណ៍ទៅថ្នាក់លើថា បានសម្លាប់រួចហើយ។ ខ្ញុំនៅតែមិនភ្លេច និង នៅតែនឹកឃើញរាងរូវ និង ដំណើរខ្នងកំពឹសរបស់គាត់។ព្រមទាំង សម្តីធ្ងន់ៗរបស់គាត់ផង។
បន្ទាប់មកទៀត ក្រោយពីអ៊ុំអឿនត្រូវគេបញ្ជូនយកទៅទាំងគ្រួសារមក គេក៏បានតែងតែពូគង់ ដែលជាអ្នកចេះដឹង និង ធ្លាប់បួសរៀន ឲ្យកលាន់ការងារជំនួសអ៊ុំអឿនបន្តទៀត។…នៅមានត…

No comments:

Post a Comment