ប្រពន្ធដាប ឈួន និយាយពីប្រវត្តិ និងការស្លាប់របស់ដាប ឈួន

0 comments

សៀម​រាបៈ នៅ​លើ​ផ្ទះ​ឈើ​បែប​បុរាណ​ខ្ពស់​ពី​ដី ស្រ្តី​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែល​អ្នក​ស្រុក​ស្គាល់​ថា​ជា​អតីត​ភរិយា​លោក ដាប ឈួន ឈ្មោះ ច័ន្ទ ឧត្តម​ស័ក្តិ កំពុង​ដេក​​ស្តូក​ស្តឹង​លើ​កន្ទេល​ថ្ងូរ​រហ៊ឹះ។ ដៃ​ម្ខាង​ជាប់​សៀរ៉ូម ដៃ​ម្ខាង​ហើម​មិន​អាច​កម្រើក​បាន លោក​យាយ ឧត្តម​ស័ក្តិ (ហៅ ដុម​ស័ក្តិ) ដែល​ល្បីខាង​ចេះ​អូម​អាម​ខ្លាំង​ពូកែ កំពុង​មាន​ជំងឺ​លើស​ឈាម​ធ្វើ​ទុក្ខ ​រហូត​​និយាយ​លែង​បាន។
ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ចុះ​ទៅជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​យាយ ឧត្តម ស័ក្តិ ដើម្បី​កត់​ត្រា​ពី​ជីវប្រវត្តិ​របស់​លោក​យាយ ដែល​ជា​អតីត​ភរិយា​លោក​ ដាប ឈួន ឬ ឈួន ម្ជុល​ពេជ្រ អតីត​មេ​ដឹក​នាំ​ក្រុម​ខ្មែរ​ឥស្សរៈ ដែល​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៥៩ ដោយ​សារ​ការ​ចាប់​ខ្លួន និង​បាញ់​សម្លាប់​របស់​ទាហាន សម្តេច​ព្រះ-​បាទ​​នរោត្តម​សីហនុ ពី​បទ​បង្កើត​ចលនា​ក្បត់​ជាតិ ហើយ​នៅ​ពេល​នេះ លោក​យាយ ឧត្តម ស័ក្តិ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ និយាយ​ហា​ស្តី​លែង​បាន។

ស្រ្តី​វ័យ​៤៩​ឆ្នាំ​ម្នាក់​តែង​នៅ​ក្បែរ និង​មើល​ថែ​ទាំ​លោក​យាយ​ឧត្តម ស័ក្តិ ​បាន​អះ​អាង​​ថា អ្នក​ស្រី​ឈ្មោះ ខឹង ប្រណម គឺជា​កូន​ស្រី​ទី​២ របស់​លោក​យាយ ឧត្តម​ស័ក្តិ ជាមួយ​នឹង​ស្វាមី​ក្រោយ។
អ្នក​ស្រី ខឹង ប្រណម បាន​និយាយ​ថា៖​«ម៉ែ​ចាប់​ផ្តើម​ឈឺ​ទើប​តែ​ជាង​ពីរ​ខែ​ហ្នឹង កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​និយាយ​ធម្មតា​ទេ ទើប​តែ​ធ្លាក់​ខ្លួន​ឈឺ​ហើម ហើយ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ហើយ​និយាយ​លែង​ចេញ​តែ​ម្តង តែ​គាត់​អាច​ស្តាប់​អ្វី​ដែល​យើង​និយាយ​ទាំង​អស់ ហើយ​ជួន​កាល​​អាច​តប​យើង​មួយ​ម៉ាត់ៗ ហើយ​ធ្វើ​កាយ​វិការ​ផង​ដែរ​»។
កំពុង​រស់​នៅ​ក្នុង​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប អ្នក​ស្រី ខឹង ប្រណម បាន​ប្រាប់​ថា លោក​យាយ ឧត្តម​ស័ក្តិ និង​លោក ដាប​ឈួន មាន​កូន​ស្រី​តែ​ម្នាក់​គត់ តែ​បាន​បាត់​ខ្លួន​ តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​មក​ម្ល៉េះ ចំណែក​អ្នក​ស្រី និង​បង​ប្រុស​បង្កើត​ម្នាក់​ទៀត ឈ្មោះ ខឹង សុផន ជា​កូន​ប្តី​ក្រោយ​ប៉ុណ្ណោះ​។
អ្នក​ស្រី​​រំឭក​ថា៖​«​ម៉ែ​មាន​កូន​២​នាក់ និង​​ចៅ​៨​នាក់​ជា​មួយ​​ប្តី​ក្រោយ តែ​កូន​ម៉ែ ជាមួយ​តា​ឈួន (ដាប ឈួន) មាន​តែ​ម្នាក់​គត់ គឺ​កូន​ស្រី​ឈ្មោះ ​ពុធ​សារ ម្ជុល​ពេជ្រ ឬ​ឈួន​ ពុធ​សារ ដែល​បាន​បាត់​ខ្លួន​តាំង​ពី​ជំនាន់​ប៉ុល​ពត​មក»។
អ្នក​ស្រី​បន្ត​ថា៖​«បើ​​គិត​មក​ដល់​ឥឡូវ​ គាត់​(កូន​ដាប​ឈួន) មាន​អាយុ​ជាង​៦០ឆ្នាំ​ហើយ ព្រោះ​កាល​នោះ​ខ្ញុំនៅ​ក្មេង​នៅ​ឡើយ គាត់​មាន​ប្តី ហើយ​មាន​កូន​បាត់​ទៅ​ហើយ ហើយ​ឮ​ថា ប្តី​គាត់​ឈ្មោះ​រ៉ែម វីរៈ សព្វ​ថ្ងៃ​រស់​នៅ​ប៉ោយប៉ែត»។
អ្នក​ស្រី ប្រណម បាន​ឲ្យ​ដឹង​ថា៖​«កាល​ពី​ជំនាន់​ប៉ុល​ពត លោក​យាយ​ឧត្តម​ស័ក្តិ​គឺ​ជា​ប្រធាន​ស្រ្តី​នៅ​តាម​សហករណ៍​នៅ​សៀមរាប​នេះ​ឯង គាត់​មិន​ដែល​ទៅ​ណា​ទេ ហើយ​ចាស់ៗ​ជំនាន់​គាត់ ស្លាប់​អស់​ហើយ សល់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ»។
អ្នក​ស្រី​ប្រាប់​ថា៖​«កាល​នោះ​ម្តាយ​របស់​​អ្នក​ស្រី ល្បី​ខាង​អូម​អាម​ខ្លាំង​ពូកែ ដោយ​សារ​តែ​គាត់​មាន​យ័ន្ត​គាថា ពូកែ​ស័ក្តិ​សិទ្ធិ បាញ់​មិន​ត្រូវ រីឯ​តា​ឈួន មិន​ពូកែ​អី​ទេ តែ​របស់​គាថា​ទាំង​នោះ​សព្វ​ថ្ងៃ​នេះ​ក៏​ជ្រុះ​បាត់​អស់​ទៅ​ហើយ​ដែរ​»។
អ្នក​ស្រី​បាន​រំឭក​នូវ​អ្វី​ដែល​ម្តាយ​គាត់​ធ្លាប់​បាន​និយាយ​ថា៖​«កាល​ នោះ នៅ​ពេល​​ដែល​ដឹង​ថា ខ្លួន​ត្រូវ​មាន​ទោស​ជាប់​គុក ជាប់​អីនោះ​ តា​ឈួន​បាន​ប្រាប់​ថា កុំ​ទៅ​ភ័យ​នៅ​ជាមួយ​អញ​​ទៅ ហើយ​គ្មាន​នរណា​ចាប់​ស័ក្តិ​ឯង​ដាក់​គុក​ទេ​»។
អ្នក​ស្រី​​បន្ត​ថា៖​ «នៅ​ថ្ងៃ​ដែល​គេ​ចាប់​គាត់​បាន​នោះ គាត់​ពាក់​អាវ​ស៊ីវិល ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អាទិត្យ ហើយ​គាត់​រត់​មិន​ទៅ​ណា​ឆ្ងាយ​ទេ នៅ​ក្បែរ​ៗ​ស្រែ​ណូយ​ហ្នឹង ពេល​នោះ​ម៉ែ​រត់​ផ្លោះ​ទៅ​មុខ ក៏​ឮ​សំឡេង​តា​ឈួន​ត្រូវ​គ្រាប់ តា​ឈួន​ក៏​ស្រែក​​ប្រាប់​ថា អញ​ត្រូវ​របស់​គេ​ហើយ ពេល​នោះ​តា​ក៏​ដក​កំា​ភ្លើង​ខ្លី​ឲ្យ​យាយ​បាញ់​សម្លាប់​គាត់ តែ​យាយ​ស្រែក​យំ​មិន​ដាច់​ចិត្ត ម៉ែ​ក៏​ស្រែក​ប្រាប់​​អ្នក​តាម​បាញ់​គាត់​ថា ឈប់​បាញ់​ទៅ​ចាំ​ខ្ញុំ​ចាប់​​គាត់​ឲ្យ តែ​ទាហាន​ទាំង​នោះ​នៅ​តែ​បាញ់ ហើយ​បាញ់​ទៀត តែ​បាញ់​មិន​ត្រូវ​ទេ ព្រោះ​ម៉ែ​គ្រាហ៍​គាត់​»។
អ្នក​ស្រី​​បន្ថែម​ថា៖​«គាត់​បែក​គ្នា​នៅ​ឯ​ស្រែ​ណូយ​ហ្នឹង​ ដោយ​​គេ​ដឹក​ដាក់​ឡាន​ផ្សេង​គ្នា ហើយ​គេ​ឃុំ​ម៉ែ​ប៉ុន្មាន​ថ្ងៃ​ក៏​ដោះ​លែង​វិញ​ទៅ​ តែ​តាឈួន​ក៏​បាត់​ខ្លួន​»។
លោក យាយ​ឧត្តម​ស័ក្តិ មិន​ធ្លាប់​បាន​បង្រៀន ឬ​ផ្ទេរ​ចំណេះ​ដឹង​ខាង​មន្ត​អាគម​អូម​អាម​របស់​លោក​យាយឲ្យ​នរណា​ម្នាក់​​ ឡើយ។ អ្នក​ស្រី ប្រណម​បាន​ប្រាប់​ថា៖​«គាត់​ធ្លាប់​បង្រៀន​ខ្លះៗ​ដល់​ចៅ​ម្នាក់​ដែល​ធ្វើ​ ទាហាន ប៉ុន្តែ​មិន​ដឹង​ថា ​គេ​រៀន​ចាប់​បាន​ប៉ុន្មាន​នោះ​ទេ​»។
កញ្ញា ឈិត ស្រី​នាថ ដែល​ត្រូវ​ជា​ចៅ​ស្រី របស់​លោក​យាយ ឧត្តម​ស័ក្តិ បាន​ប្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មក​ដល់​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​របស់​លោក​យាយ​មាន​សភាព​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​លោក​យាយ នៅ​តែ​មិន​អាច​និយាយ​ស្តី និង​ពិបាក​ក្នុង​ការ​ហូប​ចុក​នៅ​ឡើយ។
ទោះ​បី​យ៉ាង​ណា កន្លង​មក​ក្រុម​គ្រួសារ​របស់​លោក​យាយ ឧត្តមស័ក្តិ ដែល​ជា​ភរិយា​របស់​សព​លោក​ដាប ឈួន ដែល​ធ្លាប់​មាន​ភរិយា​ច្រើន​រាប់​មិន​អស់​រូប​នេះ ក៏​ធ្លាប់​បាន​ទទួល​អំណោយ និង​ថវិកា​ពី​សប្បុរសជន​មួយ​ចំនួន​ដែល​បាន​ស្គាល់​លោក​យាយ​ផង​ដែរ ៕
ខ្វះចន្លោះយ៉ាងណាសូមអភ័យទោសព្រោះដកស្រង់យកពីគេដែរ ។ សូមអរគុណ!!!!!!!!!

No comments:

Post a Comment