ក្រដាសប្រាក់រៀលខ្មែរ
ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួង
ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ
នាំមកពីប្រទេសសៀម ដែលមានដោយកម្រ
ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ
និងក៏ដោយសារការចង់រើបម្រះចេញពី
ការត្រួតត្រាសេដ្ឋកិច្ចខ្មែរពី
សំណាក់ប្រទេសសៀម។
ការសិក្សាស្រាវជ្រាវទៅក្នុងប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា
ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ
ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត
យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។
ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។
ប្រទេសខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ
សម្រាប់ចាយវាយ ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម
និង វិស័យសេដ្ឋកិច្ចជាដើម ។
សង្គ្រាមក្នុងស្រុកនៃការដណ្តើមអំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ
និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍
បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ
ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី
សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី
ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម
និង សៀមកៀរយកទៅធ្វើជាឈ្លើយ
នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក
រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។
បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម
នៃការ ដណ្តើមប្រទេសកម្ពុជាមក
ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ
បើទោះជាគេអាចមើលឃើញដោយងាយថា
មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ
ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត
ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០
ព្រឹក ព្រះអង្គម្ចាស់អង្គឌួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា
ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង
បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។
ចាប់ពីពេលនោះហើយ
ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម
ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង
អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំ
នេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា
ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គឌួង នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី
នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ
និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត
និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង
បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់
ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។
បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១
គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គឌួង
បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ
“ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។
នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “
ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ
មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។
ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស
ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា
“រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង
ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ”
។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ
និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖
១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន
លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។
ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។
មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមក
ចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ
សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។
ដូចយើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង
សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេស
គេ ទើបពេលនេះប្រទេសខ្មែរ
ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ
ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។
គេអាចមើលឃើញដោយងាយថា
សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ
ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម
មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតប
តាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។
៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣
ព្រះបាទអង្គឌួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក
មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន
ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ
នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ
ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល
ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប
ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។
ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា
“នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង
ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានា
សព្វថ្ងៃនេះឯង ។
ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣
ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។
ដោយហេតុនេះ ក្រដាសប្រាក់រៀល
គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ
២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ៕