បទសម្ភាសន៍​ជា​មួយ​ ប៉ុល ពត​ អំពី​ការ​ឈ្លាន​ពាន​របស់​យួន

0 comments
(ថ្ងៃ​ទី 12 មេសា ឆ្នាំ 1978) សមមិត្ត ប៉ុល ពត លេខា គណៈ​ធម្មាធិការ​ មជ្ឈិម​បក្សកុម្មុយនិស្តកម្ពុជា និង​ ជា​រដ្ឋមន្ត្រី​ទី ១ នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ បាន​អនុញ្ញាត​ឲ្យ​តំណាង​​ទី​ភ្នាក់ងារ សារ​ព័ត​មាន​​​កម្ពុជា​ប្រជាធិបតេយ្យ ​ចូល​ជួប​​សម្ភាសន៍ ស្ដី​អំពី​សភាពការណ៍ ​ដែល​យួន​ចូល​ឈ្លាន​ពាន​ទឹក​ដី​យើង​៖
សំណួរ : ក្នុង​សភាព​ការណ៍ ​ដែល​យួន​នៅ​តែ​បន្ត​ចូល​ឈ្លាន​ពានកម្ពុជា ប្រជាធិបតេយ្យ​​​យើង យ៉ាង​មមាញឹក យើង​ខ្ញុំ​ជា​តំណាង ទី​ភ្នាក់​ងារ​សារព័ត៌មាន កម្ពុជាប្រជាធិបតេយ្យ សូម​ស្នើ​សមមិត្ត បញ្ជាក់​ថែម​ពី​សភាពការណ៍ យួន​ឈ្លាន​ពាន​នេះ តើ​វា​យ៉ាង​ណា? គោល​បំណង​វា​យ៉ាង​ណា​? ដើម្បី​យើង​ខ្ញុំ​យក​ទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាជន និង កង​ទ័ព​បដិវត្តន៍​កម្ពុជា​យើង​ ជ្រាប​បន្ថែម​ទៀត​។
ចម្លើយ : ចំពោះ​បញ្ហា​យួន​ឈ្លានពាន វាត​លេប​ទឹក​ដី ចង់​បំបាត់​ពូជសាសន៍​កម្ពុជា​យើង ប្រជាជន និង កងទ័ព​បដិវត្តន៍​កម្ពុជា​យើង ​បាន​ជ្រួត​ជ្រាប​ណាស់​ទៅ​ហើយ ព្រោះ​គេ​ទាំង​ឡាយ​ធ្លាប់​ទទួល​រង​គ្រោះ ដោយ​ផ្ទាល់​អំពី​សំណាក់ យួន​ឈ្លាន​ពាន​វាតទី​លេប​ទឹក​ដី​នេះ​ជា​បន្តរ​បន្ទាប់ ដោយ​ខ្លួន​​គេ​តែ​ម្ដង ។ ម្យ៉ាង​ទៀត​ បក្ស​យើង និង​រដ្ឋាភិបាល​​យើង ព្រម​ទាំង​កាសែត​ទស្សនាវដ្ដី និង​វទ្យុ​យើង បាន​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​នេះ​ ជា​ហូរហែ​​មក​ហើយ​យ៉ាង​ច្បាស់​លាស់​ណាស់​ហើយ​ ។

ដូច្នេះ ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​ឆ្លើយ​និង​សំនួរ សមមិត្ត​តែ​លើ​ចំណុច​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ។ មុន​នឹង​មាន​មតិ​អំពី​បញ្ហា​យួន​ឈ្លាន​ពាន វាតទី​លឹប​ទឹក​ដី តាម​សំណួរ របស់​មិត្ត​​នេះ ខ្ញុំ​សូម​តាង​នាម​រដ្ឋាភិបាល កម្ពុជាប្រជាធិបតេយ្យ​សម្ដែង​នូវ​ការ​គោរព កោត​សរសើរ​យ៉ាង​ស្ងប់​ស្ញែង ដល់​វីរ​ប្រជាជន កម្ពុជា​យើង​ទាំង​មូល វីរ​កង​ទ័ព បដិវត្ត​យើង​ទាំង​មូល ដែល​បាន​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ យ៉ាង​រឹង​មាំ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស កុម្មុយនិស្ត កម្ពុជា​យើង​​ ប្រយុទ្ធ​តស៊ូ​ប្រឆាំង​កម្ចាត់​កម្ចាយ គ្រប់​អំពើ​ឈ្លាន​ពាន រំលោភ សង្ករ​រឿង​ហេតុ​លេប​យក​ទឹក​ដី​នេះ អោយ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ និង​យ៉ាង​ជូរចត់​ជា​ទីបំផុត និង​ជា​បន្ត​បន្ទាប់​។
អំពី​សំណួរ​របស់​សមមិត្ត​ ខ្ញុំ​សូម​ឆ្លើយ​ដូច​តទៅ ៖ យួន​មិន​បោះ​បង់​ចោល​គោល​គំនិត សហព័ន្ធ​ឥណ្ឌូចិន​របស់​វា​ទេ ។ វា​អនុវត្ត​គោល​គំនិត​នេះ​ជា​ខ្សែ​សង្វាក់ ដោយ​មាន​ផែន​ការ​ និង​ដំណើរ​ការ​ជា​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ 1930 ជា​រៀង​រហូត​មក​។ ដំបូង​វា​ចង់​បាន​ សហព័ន្ធ​ឥណ្ឌូចិន​ជា​រដ្ឋ​តែ មួយ ប្រទេស​តែ​មួយ នៅ​ក្នុង​ឥណ្ឌូ​ចិន​របស់​យួន​នេះ ។ ក្រោយ​មក​វា​ធ្វើ​ជា​លើក​បញ្ហា ដោយ​កិច្ច​ព្រមព្រៀង ឬ សន្ធិសញ្ញា​សហប្រតិបត្តិការ​គ្នា ពិសេស​ខាង​នយោបាយ ក្នុង​និង​ក្រៅ​ប្រទេស ខាង​យោធា ខាង​សេដ្ឋកិច្ច វប្បធម៌ ដោយ​គ្មាន​ព្រំ​ដែន ។
ក្រោយ​ពេល​រំដោះ​ឆ្នាំ 1975 ហើយ យួន​បាន​លើក​យក​បញ្ហា​នេះ ដោយ​រក្សា​រូប​ភាព​នេះ​ទៀត ។ នេះ​ជា​ខ្លឹមសារ​បញ្ចាំង​អោយ​ឃើញ​អំពី សហព័ន្ធ​ឥណ្ឌូ​ចិន​របស់​យួន ។ ដូច្នេះ​ខ្លឹមសារ​នេះ​ការ​រំលាយ​ព្រំ​ដែន ដើម្បី​ផ្សារភ្ជាប់​កម្ពុជា​អោយ​ទៅ​ជា​ផ្នែក​មួយ​របស់​យួន នៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​របស់​វា ។ តាមរយៈ​នេះ យួន​មក​កាន់​កាប់​គ្រប់​គ្រង​បក្ស រដ្ឋអំណាច យោធា សេដ្ឋកិច្ច នយោបាយ ​ក្នុង​ប្រទេស ក្រៅ​ប្រទេស រហូត​ដល់​ប្រែ​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​របស់​យួន ហើយ​ប្រជា​ជន កម្ពុជា ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​តិច​របស់​យួន ។ ឯ​ វិធី​ដំណើរ​ការ​អនុវត្ត​ផែន​ការ​របស់​វា​គឺ វា​ធ្វើ​សកម្មភាព​ចារកម្ម​គ្រប់​បែប​យ៉ាង វិទ្ធង្សនា ស៊ីរូង​បង្កប់​ផ្ទៃ​ក្នុង បំបែក​បំបាក់​សាមគ្គីភាព ផ្ទៃ​ក្នុង វា​ដំណើរ​ការ​នេះ​ជា​យូយា​ណាស់​មក​ហើយ ហើយ​ជា​បន្តបន្ទាប់ ។ ពិសេស​ពីឆ្នាំ 1965 ដល់​ឆ្នាំ 1975 ពេល​ដែល​វា​មក​សុំ​ធ្វើ​ជម្រក​នៅ​លើ​ទឹក​ដី​កម្ពុជា វា​ឆ្លៀត​ឱកាស​នោះ កេង​ប្រើ​មិត្តភាព​របស់​ប្រជាជន​កម្ពុជា ធ្វើជា​វិទ្ធង្សនា បង្ក​ជា​បក្ស​មួយ​ដោយ​ឡែក បង្កើត​ជា​កង​ទ័ព​មួយ​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែល​បដិវត្ត​គ្រប់​គ្រង​ហើយ ហើយ​ដែល​កម្ពុជា​មាន​ចិត្ត​សន្ដោស​អោយ​វា​រស់​នៅ ។ វា​យក​កម្លាំង​ទាំង​នេះ មក​អុកឡុក​រដ្ឋអំណាច បដិវត្ត​កម្ពុជា​វិញ ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា​មិន​ចេះ​ចប់​ ។ ប៉ុន្តែ​វា​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់ ។
ដោយ​ឡែក​ចំពោះ​បក្ស​ក្នុង​រយៈ​កាល 1970 ដល់ 1975 យួន​បាន​ខំ​ប្រឹង​គ្រប់​វិធី​ទាំង​អស់​ដ៏​ឧក្រិដ្ឋ ប៉ុនប៉ង កម្ទេច​ គណៈកម្មាធិការ មជ្ឈិម​បក្ស​កុម្មុយនិស្ត ដ៏​ត្រឹម​ត្រូវ ហើយ​បន្តុប​ពួត​ដៃ​ជើង​របស់​វា ដែល​មាន​ជា​សមាសភាព អាវាសែ ពុក​រលួយ ក្បត់​បដិវត្ត ​និង​និង​មិន​ដឹង​ងោះ​អី​ចាំ​តែ​ថា បាទ​តាម​យួន ឲ្យ​មក​ជំនួស​វិញ​។ ប៉ុន្តែ​សកម្មភាព​ដ៏​កខ្វក់ ​របស់​យួន​នេះ​ត្រូវ​បាន​បរាជ័យ​យ៉ាង​អាម៉ាស់ ដោយ​កង​ទ័ព​បដិវត្ត បាន​ប្រយុទ្ធ​ប្ដូរផ្ដាច់​តាម​គោល​ជំហរ ឯករាជ​ម្ចាស់​ការ​លើ​ខ្លួន​ឯង ខ្លួន​ទី​ពឹង​ខ្លួន ខ្លួន​កាន់​កាប់​ជោគ​វាសនា​របស់​ខ្លួន​ឯង​។
ដល់​ឆ្នាំ 1975 ក្រោយ​បាន​រំដោះ​ហើយ យួន​បន្ត​ធ្វើ​សកម្ម​ភាព​រំលោភ បង្ក​ហេតុ​ឈ្លានពាន រៀន​ចំ​ធ្វើ​រដ្ឋ​ប្រហារ ដោយ​រួម​ផ្សំ​ កម្លាំង សេ.អ៊ី.អា គោល​បំណង​វាយ​កម្ទេច​បដិវត្ត​កម្ពុជា វា​បាន​ធ្វើ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ 1975 ដល់​ឆ្នាំ 1976 និង 1977 តែ​វា​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់​ទៀត​។
តើ​យួន​​វា​បោះបង់​ចោល​មហិច្ឆតា​ឈ្លាន​ពាន ហើយ​ឬ​នៅ? វា​មិន​បោះ​បង​ចោល​ទេ កង​ទ័ព​វា​ទាំង​កង​ពល កាំ​ភ្លើង​ធំ​ៗ រថក្រោះ វា​នៅ​តែ​បន្ត​បាញ់​ផ្លោង​បាញ់​ផ្ដោត​មក​លើ​កម្ពុជា​។ ជាក់​ស្ដែង​នៅ ថ្ងៃ​ទី 7 មេសា ឆ្នាំ 1978 ក្នុង​ពេល​ដែល​យួន​ស្រែក​ក្ដែង​ៗ​ថា វា​មិន​គិត​គូ​ដល់​សហព័ន្ធ​ឥណ្ឌូចិន​ទៀត​ទេ ថា​វា​ចង់​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន កង​ទ័ព​យួន​ជាង​មួយ​កង​ពល បាន​វាយ​លុក​សំដៅ ទម្លុះ​ព្រំ​ដែន ​ទម្រង់​លក​ទាន់​ហន់ និង​ភ្នំ​ជាវ​ប្ដី ក្នុង​ខេត្ត​កំពត ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ នៅ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃ​វែង​ វា​ប្រើ​កម្លាំង​ប្រហែល​ជា ពីរ​កង​វីរសេនា​ធំ ប៉ុនប៉ង​វាយលុក​ចូល​កម្ពុជា​ដែរ ។ ខាង​កំពង់ចាម ខាង​កើត​ព្រំដែន​នា​ស្រុក ​ពញាក្រែក មេមត់ ត្រមូង យួន​ក៏​ប្រើ​កង​ទ័ព​ជាង 1 កង​ពល វាយ​លុក​ឈ្លាន​ពាន​ចូល​កម្ពុជា​ដែរ​។ ហើយ​នៅ​លើ​ផ្លូវ​លេខ 13 ពី​ ឡុកនិញ មក​ស្នួល នៅ​តាម​ព្រំដែន យួន​ប្រើ​កម្លាំង​វា​ជិត ពីរ​កង​វីរសេនា ធំ​វាយ​លុកចូល​ទឹក​ដី​កម្ពុជា​។ នេះ​មិន​រាប់​ពី​សកម្មភាព​ឈ្លាន​ពាន​ដែល​មាន​ទ្រង់​ទ្រាយ មធ្យម និង​តូច​ដែល​វា​ប្រើ​កម្លាំង​ត្រឹម​វីរសេនា​តូច និង​អនុសេនាធំ នៅ​ខេត្ត​មណ្ឌល​គិរី​និង​រតនគិរី ទេ​។ តើ​នេះ​ជា​ការ​ចៃដន្យ ឬ​ជា​ផែន​ការ​ស៊ី​សង្វាក់​គ្នា? នេះ​ច្បាស់​ណាស់ មិន​មែន​ជា​ការ​ចៃដន្យ​ទេ តែ​ជា​ផែនការ​គិត​គូរ​ទុក​ជា​មុន​ជា​ខ្សែ​សង្វាក់​។
ប្រជាជន និង​កង​ទ័ព​បដិវត្ត​យើង​ដណ្ដើម​បាន​ជ័យ​ជំនះ​យ៉ាង​ធំ​ មួយ​លើក​ទៀត ។ ជាក់​ស្ដែង​នៅ​សមរភូមិ កំពត​នៅ ថ្ងៃ​ទី 07 ខែ​មេសា ឆ្នាំ 1978 វេលា​ម៉ោង 6 ព្រឹក កងទ័ព​យួន​ជាង​មួយ​កង​ពល​បើក​ឆាក​មក​រំលោភ​ទឹក​ដី​កម្ពុជា ។ នៅ​ម៉ោង 12 កងទ័ព​​យើង​បាន​វាយ​កង​ទ័ព​យួន​ងាប់ រដូក​រណែល និង​រត់ ទីណាត់ទីណែង ត្រឡប់​ក្បាល​ទៅ​វិញ។ នៅ​សមរភូមិ កំពង់​ត្របែង​ក៏​វា​បាក់ ។ ស្នួល ក៏​វា​បាក់ ។ នៅ​ពញាក្រែក មេមត់ ត្រមូង ក៏​វា​បាក់ ។ គឺ​គ្រាន់​តែ វា​អើយ​ក្បាល​មក​ភ្លាម កង​ទ័ព​យើង​វាយ​វា​អោយ​បរាជ័យ​ភ្លាម​។ យើង​ឃើញ​ច្បាស់​ថា យួន​វា​ចង់​ចរចា ចង​មិត្តភាព​ពិសេស សាមគ្គីភាព​ពិសេស ដោយ​ចង់​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ស្អី​វា​នោះ គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​បិទ​បាំង​នូវ​អំពើ​ឈ្លាន​ពាន​របស់​វា​តែ​ ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ឃោសនា បន្លំ​មតិ​ប្រជាជន​វៀតណាម និង​មតិ​សកល​លោក​។
តើ​គោល​ជំហរ​ដោះ​ស្រាយ​របស់​កម្ពុជា​ប្រជា​អធិបតេយ្យ​យ៉ាង​ដូច​ម្ដេច ? ខ្ញុំ​បាន​ប្រកាស​ជា​ឱឡារិក​នៅ​ថ្ងៃ​ទី 17 ខែ​មករា ឆ្នាំ​1978 រួច​មក​ហើយ ព្រម​ជាមួយ​នេះ ខ្ញុំ​ក៏​បាន​បញ្ជាក់​ក្នុង​សម្ភាសន៍ ចំពោះ​អ្នក​កាសែត យូហ្គិស្លារី ថ្ងៃ​ទី 17 ខែ មិនា ឆ្នាំ 1978រួច​មក​ហើយ​ដែរ​។ ឥឡូវ​ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា​៖
យួន​ត្រូវ​តែ​គោរព​ដោយ​ស្មោះ​ត្រង់​នូវ ឯករាជ​ភាព អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី​កម្ពុជា និង​សិទ្ធ​ចាត់​ចែង​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ​។ យួន​មិន​ត្រូវ​ជ្រៀត​ជ្រែក កិច្ច​ការ​ផ្ទៃ​ក្នុង មិន​ត្រូវ​ធ្វើ​វិទ្ធង្សនា ចារកម្ម រំលោភ​ឈ្លាន​ពាន បាញ់​ផ្លោង បាញ់​រះ មក​លើ​ទឹក​ដី​កម្ពុជា ជា​ដាច់​ខាត​។ គឺ​ព្រៃ​ផ្សៃ ​ខុស​ច្បាប់​អន្តរជាតិ ដើម្បី​មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម នោះ​វៀតណាម​ត្រូវ​គោរព ខាង​លើ​នេះ​ជា​ដាច់​ខាត ហើយ​ត្រូវ​បោះ​បង់​ចោល​គំនិត និង​ផែន​ការ សហព័ន្ធ​ឥណ្ឌូចិន ផែន​ការ​បក្ស​តែ​មួយ ប្រទេស​តែ​មួយ ប្រជាជន​តែ​មួយ កង​ទ័ព​តែ​មួយ​។
ក្នុង​សភាពការណ៍​ដូច្នេះ ប្រជាជន និង​កង​ទ័ព​បដិវត្ត​កម្ពុជា​យើង លើក​កម្ពស់​ស្មារតី​ ប្រុង​ប្រយ័ត្ន​បដិវត្ត​ជាន់​ខ្ពស់​ជានិច្ច ការពារ​ឯករាជ​ភាព អធិបតេយ្យភាព បូរណភាព​ដែន​ដី កិត្តិយស​ របស់​ខ្លួន​ជា​ដាច់​ខាត ហើយ​កម្ចាត់​យួន​ឈ្លាន​ពាន​លេប​ទឹក​ដី ឲ្យ​វា​បរាជ័យ​ជា​បន្តបន្ទាប់ និង​ជា​រៀង​រហូត​។
តាម​ទស្សនៈ​ខាង​លើ​គឺ​បាន​រៀប​រាប់​អំពី​គោល​ជំហរ របស់​ ប៉ុល ពត ក្នុង​ការ​ទប់​ស្កាត់​អំពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​យួន​ ហើយ​ខ្ញុំ​ក៏​មិន​សូវ​ជា​យល់​ប៉ុន្មាន​ដែរ ព្រោះ​បើ​តាម​ការ​ដែល​ខ្ញុំ​ធ្លាប់​ដឹង​ ពី​សារព័ត៌មាន​ផ្សេង​ៗ​តែង​តែ​និយាយ​ថា កងទ័ព​វៀតណាម​ជា​អ្នក​ចូល​មក​រំដោះ​កម្ពុជា ប៉ុន្តែ​សម្រាប់​ការ​បង្ហាញ​ទាំង​ឡាយ​ដែល​ ប៉ុល ពត បាន​រៀប​រាប់​គឺ​ថា កង​ទ័ព​វៀតណាម ចូល​មក​ឈ្លាន​ពាន​ទៅ​វិញ​។ តើ​អ្នក​​មាន​ទស្សនៈ​យ៉ាង​ម៉េច​ដែរ​?

No comments:

Post a Comment