ផែនទីព្រំដែន ខ្មែរ-យួនការដោះស្រាយបញ្ហាព្រំដែនខ្មែរយួនដោយយកបន្ទាត់ប្រវីយេ ជាមូលដ្ឋានគឺជាការសម្រួលមួយក្នុងកិច្ចចរចារគ្នាចំពោះរឿងនេះនិង ដោយយោលទៅតាមស្ថានភាពបច្ចុប្បន្នរបស់ខ្មែរតែប៉ុណ្ណោះ។
តែការយកខ្សែបន្ទាត់ប្រេវីយេជាមូលដ្ឋានដំណោះស្រាយនេះបានចោទជា បញ្ហាមួយទៀតគឺ”កោះត្រល់” ដោយសារកម្ពុជាទាមទារថាកោះនេះជារបស់ខ្មែរតាំងពីរនៅអាណាព្យាបាល បារាំងមកម្លេះ។ ដោយមិនចំបាច់រំលឹកដល់លក្ខណៈប្រវត្តិសាស្ត្រមកនិយាយផង កោះត្រល់នេះត្រូវរក្សាទុកជារបស់ខ្មែរ។ តើហេតុផលអ្វីខ្លះដែលនាំឲ្យយើងថាកោះត្រល់ជារបស់ខ្មែរយើង?
ទី១) យើងត្រូវមើលលក្ខណៈប្រជាពលរដ្ឋ។ កោះនេះទោះជាក្នុងពេលសព្វថ្ងៃនេះមានប្រជាពលរដ្ឋយួនភាគច្រើនរស់នៅ ទីនោះក៏ដោយ ប្រជាពលរដ្ឋខ្មែរក៏មានរស់នៅទីនោះដែរ។ ប្រជាជនយួននេះមិនមែនជាអ្នករស់នៅតំបូងនៅលើកោះនេះទេ គឺទើបតែចុងសតវត្សទី១៩ និងដើមសវត្សទី២០ទេដែលនាំគ្នាចូលមកកាន់កាប់និងក្រោយពេលដែលបារាំង បានក្លាយជាអាណាព្យាបាលលើប្រទេសកម្ពុជានិងនយោបាយប្រជាភិវឌ្ឍន៏ វាតទឹកដីរបស់រដ្ឋាភិបាលយួនផង។ ឯចំណែកប្រជាជនខ្មែរវិញបានរស់នៅលើកោះនេះតាំងពីយូរយារណាស់មកហើយ។ ពោលជាប្រជារាស្ត្រដើមនៃកោះ។
ទី២) បើយើងមើលតាមស្ថានភាពភូមិសាស្ត្រវិញកោះនេះមានចំងាយ តែ១៥គ.ម.ប៉ុណ្ណោះពីខេត្តកំពតរបស់ខ្មែរ។ ហើយបើគិតពីកោះសេះជាកោះរបស់ខ្មែរវិញមានចំងាយតែ៥គមប៉ុណ្ណោះពី កោះសេះនេះ បើគេធ្វើការប្រៀបធៀបពីចម្ងាយខេត្តពាមដែលយួនហៅថាហាទៀង ក្រោយពីក្លាយជាដីយួននោះដែលមានបចំងាយ៤៥គមពីកោះត្រល់នេះ។ នោះគេឃើញ ហើយថាកោះត្រល់សមស្ថិតនៅក្នុងប្រទេសណាជាង?
គឺដោយហេតុនេះហើយបានជាក្នុងសម័យសាធារណរដ្ឋវៀតណាមខាងត្បូងរដ្ឋការ "ធីវគី" បានខំទាមទារយកកោះខ្មែរចំនួន៧ដោយឥតអៀនខ្មាស់ ទុកជារបស់ខ្លួនដើម្បីទី១ ចំណេញកោះទាំង៧នេះផង ហើយទី២ ទៀតវាតលំហរព្រំដែនសមុទ្រឲ្យបានមកដល់ជាប់កោះត្រល់នេះផង។ កោះ ទាំង៧ដែលរដ្ឋការ "ធីវគី" បានទាមទារយកគឺៈ ១.កោះតាគៀវនៅមុខក្រុងព្រះសីហនុ, ២. កោះថ្មី និងកោះសេះ នៅមុខទឹកសាបនិងខាងជើងកោះត្រល់, ៤. កោះអន្តាយ,៥. កោះពោធិ, កោះអង្ក្រង, និងកោះសេះ ។កោះសេះមួយទៀតនេះ ជាមួយកោះពៅធិនិងកោះអង្ក្រងស្ថិតនៅមុខខេត្តកំពត។
ទី៣) កោះត្រល់នេះដោយសារនៅជិតកម្ពុជាថ្ងៃក្រោយ ទៅដោយបាតុភូតដីដុះជាធម្មជាតិនឹងមកជាប់ជាមួយប្រទេសកម្ពុជា តែមិនមែនទៅជាប់ជាមួយប្រទេសយួននោះទេ។ បាតុភូតដែលនឹងធ្វើឲ្យកោះត្រល់មកជាប់កម្ពុជាមានបញ្ជាក់យ៉ាងច្បាស់ លាស់នៅក្នុងលិខិតរបស់លោកប្រេវីយេដូចមានខាងក្រោមនេះស្រាប់។ នៅពេលបានរាំងបានធ្វើអាណានិគមនៅលើប្រទេសកម្ពុជានេះព្រះមហាក្សត្រ ខ្មែរនៅពេលនោះនៅតែទាមទារជានិច្ចយកកោះត្រល់មកកាន់កាប់វិញ។ ហេតុនេះហើយទើបលោកអគ្គទេសាភិបាលឥណ្ឌូចិនឈ្មោះប្រេវីយេនៅក្រុង ហាណូយ ដើម្បីជៀសវាងការវិវាទគ្នាមិនចេះអស់មិនចេះហើយពីប្រទេសកម្ពុជា ជាប្រទេសក្រោមអាណានិគមព្យាបាលដែលចេះតែទាមទារយកកោះនោះមកវិញ បានធ្វើការសម្រេចមួយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ មានន័យជាអាទិដូចតទៅ៖
"ខ្ញុំបានសម្រេចថា កោះទាំងឡាយដែលនៅខាងជើងខ្សែបន្ទាត់កាត់កែងចេញពីចំណុចប្រទល់ ដែនសមុទ្រខ្មែរយួននៅឆ្នេសមុទ្រហើយមានមុម១៤០អង្សា ជាមួយបន្ទាត់ខាងជើងខ្សែវ័ណ្ឌដូចផែនទីភ្ជាប់មកនេះ ត្រូវត្រួតដោយប្រទេសកម្ពុជា។ អាណានិគមទទួលមើលខុសត្រូវខាងអំណាចប៉ូលីសទាំងអស់នៅលើកោះទាំងនោះ។ ឯកោះទាំងឡាយដែលស្ថិតនៅខាងត្បូងបន្ទាត់នេះដោយរាប់បញ្ចូលទាំង កោះត្រល់ផង ត្រូវត្រួតដោយកូសាំងស៊ីន។ បន្ទាត់នេះព័ទ្ធខាងជើងកោះដោយមានចំងាយ៣គ.ម.ពីខាងជើងនៃកោះត្រល់នេះ។ ដូច្នេះអំណាចរដ្ឋបាលនិងប៉ូលីសនៅលើកោះទាំងអស់នេះត្រូវចែកដាច់រវាង កូសាំងស៊ីននិងកម្ពុជា ដើម្បីជាសវាងវិវាទគ្នានៅអនគត។ ខ្ញុំសូមបញ្ជាក់ថានេះជាការត្រួត្រារដ្ឋបាលនិងប៉ូលីសតែប៉ុណ្ណោះ ឯចំណែករឿងថាកោះទាំងនេះជារបស់ប្រទេសណាមួយនោះត្រូវទុកនៅដដែល មិនទាន់សម្រេចឲ្យភាគីណាមួយទេ។ "
ដូច្នេះកោះនេះទោះជារដ្ឋាភិបាលខ្មែរបានទាមទារយកមកភ្ជាប់និង មាតុភូមិដូចដើមវិញហើយថ្វីបើមានខ្មែររស់នៅលើកោះនោះក៏ដោយក៏ បារាំងមិនបានសម្រេចប្រគល់កោះត្រល់ឲ្យមកខ្មែរវិញនៅឡើយទេ។ ប៉ុន្តែទោះជាមាននិគមជនយួនបានមករស់នៅទីនោះកាន់តែច្រើនក៏ដោយក៏លោក ប្រេវីយេ មិនបានឲ្យកោះនេះទៅយួនដែរ។
ពីព្រោះអ្វី?
ក) ពីព្រោះដូចយើងបានរៀបរាប់ខាងលើមកស្រាប់និងលិខិតបញ្ជាក់យ៉ាងច្បាស់ របស់លោកប្រេវីយេយល់ថា "កោះត្រល់នេះនិងកោះដ៏ទៃទៀតស្ថិតនៅជិតឆ្នេរសមុទ្រខ្មែរ ដីដុះបន្តិចម្តងៗទៅអនាគតកោះទាំងនោះ នឹងត្រូវជាប់ទៅនឹងដែនដីខ្មែរ។ ដោយយោលទៅលើការសន្និដានតាមរបៀបភស្តុតាងនេះហើយទើបលោកប្រេវីយេ សម្រេចយ៉ាងដូច្នេះ។
ទន្ទឹមនឹងន័យនេះដែរ ទើបព្រះរាជក្រិតចុះថ្ងៃទី៣០ ធ្នូ១៩៥៧ចុះហត្ថលេខាដោយព្រះករុណានរោត្តម សុរាម្រិត បានចែងថា "រក្សាការពារសិទ្ធិប្រវត្តិសាស្ត្រនៅលើកោះត្រល់នេះ"។ ឯសម្តេចព្រះនរោត្តម សីហនុ វិញ ដែលនៅក្នុងពេលនោះជានាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យក្រសួងការពារជាតិពង្រឹងកិច្ចការពារដល់ក្រុមកោះ "ក្រចកសេះ" នោះដែរ នៅថ្ងៃទី៧មិថុនា ឆ្នាំ១៩៥៧។ តែមុនពេលដែលខ្មែរយើងបានទៅដល់ចង្កោមកោះនោះយួនបានចូលទៅដល់ហើយ កាន់កាប់កោះទាំងនោះរួចហើយ។ ការកាន់កាប់ទ័ពយួននៅទីនោះជាការកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ ប៉ន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាបានរក្សាសិទ្ធិរបស់ខ្លួនជានិច្ច និងការពារសិទ្ធិនេះរហូតនៅចំពោះមុខតុលាការអន្តរជាតិ ប្រសិនបើមិនមានការដោះស្រាយដោយយុត្តិធម៌រវាងប្រទេសទាំងពីរទេនោះ។
ការជាក់ស្តែងនៅឆ្នាំ១៩៦៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ព្រំដែនសមុទ្រខ័ណ្ឌសីមាមានទទឹង រវាងប្រកម្ពុជានិងវៀតណាមដោយយកមូលដ្ឋានកោះត្រល់និងកោះក្រចកសេះ ជាបេតិកភ័ណ្ឌនៃប្រទេសកម្ពុជាដូចមាននៅក្នុងផែនភ្ជាប់មកជាមួយ ។
ដោយយោលទៅលើសេចក្តីសម្រេចរបស់លោកប្រេវីយេ (សូមមើលផែនទីលេខ៣) និងឯកសារនានាដូចបានរៀបរាប់ខាងលើនេះ ទើបប្រទេសកម្ពុជាបានកម្រិតព្រំដែនសមុទ្រជាមួយប្រទេសយួនដូចមាន ក្នុងផែនទីលេខ៤ និងលេខ៥ នោះ តាមវិធីសមចម្ងាយ។
ផ្ទុយទៅវិញប្រទេសយួនបានកម្រិតខ្ពង់រាបបាតសមុទ្រឬព្រំដែនសមុទ្រ របស់ខ្លួនជាមួយខ្មែរដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ដែល លោកហ៊ុន សែន បានប្រគល់កោះទាំងពីរនោះឲ្យទៅយួន។ ដូច្នេះប្រទេសយួនកាត់យកផ្ទៃសមុទ្រខ្មែរអស់៣០០០០គមការេ ព្រមទាំងបង្កើតតំបន់សមុទ្រប្រវត្តិសាស្ត្រទំហ៊ំ១០.០០០គមការេ ជាសម្បត្តិរួមថែមទៀត។
ដោយ៖ ខ្មែរ សុវណ្ណភូមិ ដកស្រង់ចេញពី "ព្រំដែនកម្ពុជានិងខ្ពង់រាបដែនសមុទ្រ" របស់លោក ស៊ាន ប៉េងសែ។