តើ​​ប្រវត្តិ​នៃ​ការ​ស្លៀក​សំពុត​របស់​ស្ត្រី​ខ្មែរ​មាន​ពី​ណា​មក?

0 comments
អត្ថបទ​មុន យើង​បាន​ចុះ​ផ្សាយ​ម្ដង​មក​ហើយ​អំពី​ទស្សនៈ​​អំពី មូលហេតុ​ដែល​អប្សរា​ខ្មែរ​មិន​មាន​​ស្លៀក​ពាក់​អាវ ឥឡូវ​សូម​មើល​អត្ថបទ​ថ្មី​មួយ​ទៀត​ដែល​និយាយ​អំពី​ប្រវត្ត​នៃ​ការ​ស្លៀក​ពាក់​​សំពុត​វិញ​ម្ដង​។
យោងតាម​កំណត់ហេតុ​ របស់លោក កាំ​ង ថៃ និង យូ ជិន (ជនជាតិចិន) នា​ពាក់កណ្តាល​ស​.​វ​ ទី​៣ នៃ​គ​.​ស ស្តីពី​ហ្វូ​-​ណន ដែលជា​រដ្ឋ​ខ្មែរ​ដំបូងបង្អស់ គឺ​ព្រះបាទ​ហ៊ុនទៀន ឬ​កៅ​ណ្ឌិ​ន្យ​ ដែលមកពី​ឥណ្ឌា បាន​បង្រៀន​ស្ត្រី​ខ្មែរ គឺ​នាង​លីវយី​ឲ្យ​ចេះ​ស្លៀកពាក់​សំពត់​។ ព្រោះថា តាំងពីដើម​មក​ស្ត្រី​ខ្មែរ​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ស្រាត​ននល ហើយ​នេះ​ជា​មូល​ហេតុដែល​បាន​នាំ​ឲ្យ​អ្នកនិពន្ធ​ខ្លះ​ជឿថា ទស្សនទាន​នេះ ពិតជា​ត្រឹមត្រូវ​។​
ការ​ស្លៀក​សំពុត​របស់​ស្ត្រី​ខ្មែរ​បុរាណ
សូមជម្រាបថា ចំណេះដឹង​ខាង​វប្បធម៌​ខ្មែរ​បុរាណ គួបផ្សំ​នឹង​របកគំហើញ​ខាង​បុរាណវិទ្យា ពោលគឺ​កម្រិត​សមត្ថភាព​នៅពេល​បច្ចុប្បន្ន អាចធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​លក្ខណៈ​វប្បធម៌​នា​សម័យមុន​ឥណ្ឌូ​ រូបនីយកម្ម (Cf. ម​.​ត្រា​ណេ អំពី​ប្រភព​វប្បធម៌​ខ្មែរ​, ២០០៨, ភ្នំពេញ​) និង​ក្រោម​ព្រឹត្តិការណ៍​នេះ​បន្តិច ពោលគឺ​សម័យ​វប្បធម៌​ហ្វូ​-​ណន ដែល​ផ្តើមឡើង​នៅ​ស​.​វ​ទី​១​នៃ​គ​.​ស​។ បើ​និយាយ​ម្យ៉ាងទៀត ការអះអាង​ខាងលើ​មិន​ពេញលេញ​ត្រឹមត្រូវ​ទេ ព្រោះថា គេ​មិនបាន​បែងចែក​ឲ្យ​បានច្បាស់លាស់​អំពី​សមាស​ធាតុ​វប្បធម៌​ខ្មែរ និង​ឥណ្ឌា ដែល​ក្នុងនោះ​សម្លៀកបំពាក់​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ខឿនវប្បធម៌ រូបី​យ​របស់​អម្បូរ​មន​-​ខ្មែរ​។ មានន័យថា ការសង្កេត​របស់​កាំ​ង ថៃ និង​យូ ជីន ប្រកបដោយ​ភាពខ្វះខាត​មិន​គ្រប់គ្រាន់​ឡើយ ធ្វើ​ឲ្យ​យើង​ពុំ​អាច​យកជាការបាន​។​
​តាមពិតទៅ មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​ឲ្យ​ឃើញថា ការ​ស្លៀកពាក់​របស់​ស្ត្រី​ខ្មែរ​ដែល​ត្រូវបាន​ពេញនិយម​តាំងតែ​យុគ​ថ្ម​ រំលីង ហើយ​បន្ត​ដល់​យុគ​វប្បធម៌​ថ្ម​សំ​រិ​ទ្ធិ​ទោះបីជា​សម្លៀកបំពាក់នោះ​ពុំបាន​ នៅ​គង់វង្ស​រហូតដល់​សព្វ​ថ្ងៃ​ក៏ដោយ​។ តាម​ការសង្កេត​របស់​យើង នៅមុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​រវាង​ស​.​វ​ទី​៣-២​មុន​គ​.​ស ការនិយម​សំពត់ និង​ប៉ឹង សម្រាប់​មនុស្ស​ទាំងពីរ​ភេទ ​បានរីក​សុះសាយ​ទូទាំង​ភូមិភាគ​អាស៊ីអាគ្នេយ៍ នេះបើ​យោងតាម​ទិន្នន័យ​ខាង​បុរាណវិទ្យា​ដែល​បានផ្តល់​។​
ការ​វិវឌ្ឍន៌​នៃ​ការ​ស្លៀក​សំពុតជាក់ស្តែង យើង​បាន​រកឃើញ​នូវ​ភស្តុតាង​រឹង​ជាវ​ត្ថុ​សិល្បៈ​មួយចំនួន​ដែល​បានមកពី​ ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​នៅ​ភូមិ ស្វាយចេក សូ​ភី និង​ស្នាយ ក្នុង​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន និង​នៅតាម​ស្ថានីយ៍​ជាច្រើន​ទៀត ដែល​សព្វថ្ងៃ​ស្ថិតក្នុង​បង្គោល​សីមា​របស់​ប្រទេស​វៀតណាម​, ថៃ និង​លាវ​បានធ្វើ​ឲ្យ​យើង​យល់ច្បាស់​អំពី បុព្វការី​ជនយើង។ វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ រួមមាន​ចម្លាក់​តំណាង​ឲ្យ​បុព្វការី​ជន​, គំនូរ​លើ​ជញ្ជាំង​គុហារ ឬ​ចម្លាក់​ឆ្លាក់​លើ​វត្ថុ​ប្រើប្រាស់ ដូចជា​កាំបិត ស្នៀត​ជាដើម ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​
​ខ្មែរ​ដែល​រស់នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន មាន​ការនិយម​ប្រើប្រាស់​នូវ​សម្លៀក​បំពាក់​សម្រាប់​បិត​បាំង​កេរ្តិ៍ខ្មាស ឬ​លំអ​រាងកាយ​របស់​ខ្លួន​រួចមក​ហើយ​មុនការមក​ដល់នៃវប្បធ៌ម​ឥណ្ឌា។ តាមពិតទៅ សម្លៀកបំពាក់​ទាំ​ង​នោះ ដូចជា​សំពត់​ស្ត្រី​, ប៉ឹង​ស្ត្រី ឬ​បុរស មិនមាន​លក្ខណៈ​ជា​ឥណ្ឌា​ដូច​ករណី​សំពត់​ចរបាប់ ដែល​មាន​ពណ៌​ឆើតឆាយ ចម្រុះ នោះ​ឡើយ​។ សម្លៀក​បំពាក់​ទាំងនោះ​ដែល​ជា​ប្រជាប្រិយ​ប្រចាំ​ជាតិ​សាសន៍​បាន​ ឆ្លុះបញ្ចាំង​ពី ​ទំនៀមទម្លាប់​ វប្បធម៌​ដើម​ផ្ទាល់ របស់​ប្រជាជន​ខ្មែរ​​។​
សូមបញ្ជាក់ថា ការដែល​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​មហា​អង្គរ ដូចជា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ និង​មហាជន​ខ្មែរ ដែលជា​អ្នកស្រុក​អាយ​គ្រប់​មជ្ឈដ្ឋាន មិនបាន​បោះបង់ចោល​ប៉ឹង ឬ​សំពត់ ក៏​ជា​ភស្តុតាង​បង្ហាញ​ភាពមិន​ត្រឹមត្រូវ​របស់​ទស្សនៈ​ខាង​លើ​នេះដែរ​។ ដូចនេះ​ចំណុច​សំខាន់បំផុត​ដែល​យើង​ត្រូវ​ជ្រាប​គឺថា ក្នុង​អតីតកាល​ដ៏​យូរលង់ សម្លៀកបំពាក់​ប្រចាំ​ជាតិខ្មែរ គឺ​សំពត់ និង​ប៉ឹង គឺជា​ប្រពៃណី​ដើម​របស់​មនុស្ស​ខ្មែរ និង ពិតជា​មិនមែនជា​អំណោយ​អនុស្សាវរីយ៍​របស់​ឥណ្ឌា ដែល​បាន​ផ្តល់ជូន​ស្ត្រី​ខ្មែរ​ដំបូងបង្អស់ ហើយ​ដែល​ត្រូវបាន​គេ​នាំគ្នា​ប្រើប្រាស់​ដល់​សព្វថ្ងៃ​នោះទេ។​
​កំណត់សម្គាល់​មួយទៀត ប្រពៃណី​នៃ​ការ​ស្លៀកពាក់​ដែលមាន​លក្ខណៈ​ជាស​កល​ផង​នោះ តាមពិតទៅ មាន​អត្ថន័យ​ធំធេង​ណាស់ ព្រោះ​វា​ជា​កញ្ចក់​ឆ្លុះ​ឲ្យ​ឃើញ​នូវ​លក្ខណៈ​វប្បធម៌​ប្រចាំ​ជាតិ​របស់​ ខ្មែរ ព្រមទាំង​ចំណាស់​នៃ​ខឿនវប្បធម៌​ខ្មែរ​។ សូម​កុំភ្លេចថា សំពត់​ខ្មែរ និង​សំពត់​របស់​ជនជាតិខ្មែ​រលើ​សព្វថ្ងៃនេះ មាន​ប្រភព​ចេញពី​មរតក​វប្បធម៌​មន​-​ខ្មែរ នា​សម័យ​ប្រវត្តិសាស្ត្រ​។​
ជា​អវសាន សូម​រំ​ឮ​ក​ផងដែរ​ថា ទោះជា​ខ្មែរ​បាន​បង្កើត​នូវ​សម្លៀកបំពាក់​របស់ខ្លួន​ហើយក៏​ដោយ ក៏ប៉ុន្តែ​ពុំមែន​មានន័យថា ខ្មែរក្រោម​ឥទ្ធិពល​នៃ​វ​ប្បធ​ម៍​បរ​ទេសនា​សម័យអង្គរ​បាន​បោះចោល​នូវ​ ប្រពៃណីជាតិ​របស់ខ្លួន ឬក៏​មិនចេះ​បង្កើត​នូវ​ប្រភេទ​សម្លៀកបំពាក់​ផ្សេងៗ​ឯទៀត​ដ៏​សម្បូរ​ណ៍​បែប​ នោះទេ​៕
អត្ថបទ​​សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា

No comments:

Post a Comment