ដក​ស្រង់​សំដី​​មេ​ខ្មែរ​ក្រហម​និយាយ​អំពី​សម្ដេច ហេង​ សំរិន និង ជា ស៊ីម

0 comments
នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម ជា​ញឹក​ញាប់​ណាស់​​ដែល​មេ​ខ្មែរ​ក្រហម​គឺ លោក​នួន​ជា តែង​តែ​និយាយ​អំពី ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា​ជា​​ច្រើន​រូប​ តែ​លើក​នេះ​ខ្ញុំ​សូម​ដក​ស្រង់​សំដី​របស់​គាត់​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​​អាស៊ី​សេរី​ដូច​តទៅ៖
ការ​រំឭក​ឡើង​វិញ​អំពី​អតីត​សមមិត្ត​របស់​គាត់ គឺ​លោក ហេង សំរិន បាន​ធ្វើ​ឡើង​ក្នុង​ពេល​គាត់​ឆ្លើយ​តប​សំណួរ​របស់​លោក​មេធាវី​អន្តរជាតិ​ របស់​គាត់ គឺ​លោក មីឃៀល ផេស្តមែន (Michiel Pestman) នៅ​ពេល​ដែល​សួរ​អំពី​ប្រវត្តិ​តស៊ូ​របស់​គាត់​ និង​អំពី​ទំនាក់ទំនង​ជាមួយ​វៀតណាម។
លោក​នួន​ជា​និយាយ​៖ «ហេង សំរិន ហ្នឹង​គាត់​ក្រ​ទេ រក​តែ​ក្របី​ឃ្វាល​ផង។ មាន​តែ​ខោ​ខ្លី​មួយ។ ក៏​ប៉ុន្តែ គាត់​ល្អ​ណាស់ គុណ​ធម៌ សីលធម៌​គាត់ ហើយ​ក្លាហាន​តស៊ូ​ប្ដូរផ្ដាច់ ស៊ូ​លំបាក​វេទនា។ ក្រោយ​មក​ទៀត គាត់​បាន​ធ្វើ​ជា​មេ​ទ័ព ក្រោយ​រំដោះ។ ដូច្នោះ​គឺ​ថា ជីវិត​ខ្ញុំ ហើយ​និង​លោក ហេង សំរិន ហ្នឹង​ជាប់​គ្នា​ណាស់»

​​ជន​ជាប់​ចោទ នួន ជា បាន​ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក ហេង សំរិន បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា គឺ​ជា​អ្នក​នាំ​គាត់​ពី​ភ្នំពេញ​ទៅ​ជួប​តំណាង​បក្ស​កុម្មុយនិស្ត​វៀតណាម គឺ​លោក ង្វៀន វ៉ាន់​លិញ នៅ​ពេល​ដែល​គាត់​ចេញ​ពី​បក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​ថៃ ចូល​មក​តស៊ូ​នៅ​ប្រទេស​កម្ពុជា។
ក្រៅ​ពី​លោក ហេង សំរិន ជន​ជាប់​ចោទ នួន ជា ក៏​បាន​រំឭក​ដល់​សិស្ស​រួម​ថ្នាក់​របស់​គាត់​មួយ​រូប​ទៀត​ដែរ គឺ​លោក ជា ស៊ីម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​សព្វថ្ងៃ​នេះ។
លោក​នួន​ជា​និយាយ​៖ «ជា ស៊ីម ហ្នឹង​ក៏​ធ្លាប់​រៀន​ជា​មួយ​ខ្ញុំ​ដែរ។ កាល​ណោះ​គាត់​ធ្វើ​គណៈ​ស្រុក​ត្បូង​ឃ្មុំ។ គាត់​ក៏​ក្រ​ដែរ អ្នក​ស្រែ​កណ្ដាល។ ប៉ុន្តែ​ពេល​ខ្លះ​ខ្វះខាត​ក៏​ខ្ចី​បុល​គេ​ទៅ។ ក្រោយ​មក​ទៀត ខ្ញុំ​ក៏​មិន​ដឹង​ថា​គាត់​ធ្វើ​អី​ទេ​ក្រោយ​រំដោះ ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្នា»
លោក​នួន​ជា​និយាយ​ «ពិត​មែន​តែ​មាគ៌ា ​នយោបាយ​វៀតណាម​រួម​មាន​មាគ៌ា​ឈ្លានពាន​វាត​ទី​លេប​ទឹកដី​បំបាត់​ពូជសាសន៍​ ក៏​ប៉ុន្តែ ង្វៀន វ៉ាន់លិញ ជា​បុគ្គល​អាច​សន្ទនា​ជាមួយ​គ្នា​បាន។ មាន​កិច្ចការ​អី​គាត់​មិន​ច្រឡោត​តោតតូង​ដូច ហ្វាម ហ៊ុង ទេ។ បើ ហ្វាម ហ៊ុង ផ្សេង។ អាហ្នឹង​និយាយ​ខុស​បន្តិច​មុខ​ក្រហម»
ជន​ជាប់​ចោទ នួន ជា និយាយ​ថា រវាង​វៀតណាម និង​កម្ពុជា​មាន​ភាព​ចម្រុះ​ទាំង​មិត្ត​ផង និង​សត្រូវ​ផង។ មិត្ត​គឺ​គាត់​និយាយ​ថា វៀតណាម​រួម​វាយ​អាមេរិក​ដូចគ្នា តែ​វៀតណាម​មាន​មហិច្ឆតា​ឈ្លានពាន​វាតទី​លេប​ទឹក​ដី​កម្ពុជា ជា​រហូត​មក។
លោក​នួន​ជា​និយាយ​៖ «វៀតណាម​ឃោរឃៅ​ ជាង​អាមេរិក​ទៅ​ទៀត ព្រោះ​គេ​វ៉ៃ​ចូល​ទៅ​ចាត់តាំង​រដ្ឋ​អំណាច​អី​នៅ​ក្នុង​ព្រៃ​របស់​ខ្មែរ។ ឯ​អាមេរិក​គ្រាន់​តែ​ទម្លាក់​គ្រាប់​បែក​ទេ។ អាមេរិក​អត់​ចូល​មក​ទេ។ វៀតណាម​ចូល​មក​ទាំង​មនុស្ស​តែ​ម្ដង។ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​ទាំង​អស់​គ្នា​ឃើញ​ស្រាប់​ហើយ។ ខ្ញុំ​និយាយ​នេះ មិន​មែន​កុហក​ទេ។ និយាយ​ការ​ពិត​តែ​ម្ដង ព្រោះ​តុលាការ​នេះ​ត្រូវ​ការ​ការ​ពិត យុត្តិធម៌ ដែល​មាន​ប្រយោជន៍​សម្រាប់​យុវជន​ជំនាន់​ក្រោយ»
គ្រាន់​តែ​រំឭក​បាន​ប៉ុណ្ណឹង​ស្រាប់​តែ​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន បញ្ឈប់​មិន​អោយ​គាត់​និយាយ​ទៀត​ឡើយ​ដោយ​ពន្យល់​ថា «លោក នួន ជា អត្ថាធិប្បាយ​តប​សំណួរ គឺ​ត្រឹម​កម្រិត​នៃ​បរិបទ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដូច​មាន​ចែង​នៅ​ក្នុង​បណ្ដា​កថាខណ្ឌ​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ដីកា​ដំណោះ​ស្រាយ​ពី​ខាង​ដើម គឺ​និយាយ​ត្រឹម​បរិបទ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ប៉ុណ្ណោះ»
ជា​ញឹក​ញាប់​ពេល​ដែល​លោក​នួន​ជា និយាយ​អ្វី​ដែល​មាន​បញ្ចេញ​ឈ្មោះ​ថ្នាក់​ដឹក​នាំ​នោះ​យើង​តែង​ឃើញ​​មាន ការ​បង្អាក់​មិន​អោយ​គាត់​និយាយអោយ​អស់​សេចក្ដី​នោះ​ទេ ដោយ​លើក​ហេតុ​ផល​ដូច​ខាង​លើ​ដែរ​។
អត្ថបទ​ស្រដៀង៖ លោក គាត ឈន់​ ធ្វើ​ការ​ជាមួយ​ខ្មែរ​ក្រហម? ហេតុ​អ្វី​លោក មិន​បក​ស្រាយ​

No comments:

Post a Comment