ដំណាក់កាលបុរេប្រវត្តិសាស្រ្ត

0 comments
កម្រងសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ
នៅដំណាក់កាលបុរេប្រវត្តិ
(៤៥០០ឆ្នាំមុនគ្រឹស្ដសករាជ ដល់សតវត្សរ៍ទី១នៃគ.)
បុរេសម័យនៃប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកជាដំណាក់​កាល​ មុនពេលដែលមិនទាន់កើតឡើងជានគរខ្មែរដំបូងនោះទេ។ រីឯ​​​ការ​​​សិក្សា​​បុរេសម័យ មានអត្ថប្រយោជន៍ណាស់ ដើម្បីស្វែងរក​ឫស​គល់​នៃដើមកំ​ណើតរបស់ជាតិសាសន៍មួយ។ ចំណែកឯការសិក្សាបុរេសម័យ របស់ដើមកំណើតជាតិខ្មែរ យើង​អាចពិនិត្យមើលតាមរយៈវត្ថុបុរាណទាំងឡាយ ដោយការធ្វើ​កំណាយនៅស្ថានីយ៍បុរេប្រវត្តិនានា និងអំពីផូស៊ីលបុព្វបុរសកាលពី​សម័យនោះ។
          តាមការស្រាវជ្រាវបុរេប្រវត្ដិកម្ពុជា​ ប្រទេសកម្ពុជាយើងបានឆ្លង កាត់ប្រាំសម័យកាលធំៗ៖
I.                   សម័យកាលវប្បធម៌ថ្មបំបែក
១.   ពីឆ្នាំ ៧០០០០០ ដល់ឆ្នាំ ៦៨០០០០ មុនគ្រឹស្ដសករាជ គេបាន រកឃើញនូវ​សំណង់វប្បធម៌នៃពួកអូស្រ្ដូអាស៊ីយ៉ាទិច នៅក្នុងឧបទ្វីប ឥណ្ឌូចិន។[1]
២.   ពីឆ្នាំ ៧០០០០០ ដល់ឆ្នាំ ១២០០០០ មុនគ្រឹស្ដសករាជ គឺជា សម័យ​​វប្បធម៌ថ្ម​បំបែក ពីព្រោះគេបានរកឃើញ និងបញ្ជាក់​ថា នា សម័យនោះបុព្វ​បុរសខ្មែរចេះបច្ចេកទេសប្រើភ្លើង និងពូថៅ​ធ្វើអំពីថ្ម។[2]
៣.  អាយុពីឆ្នាំ ៦៨០០០០ ដល់ឆ្នាំ ១២០០០០ មុនគ្រឹស្ដសករាជ  យុគនេះអាចទុកជាដើមសម័យអារ្យធម៌ខ្មែរ ហើយការចងក្រងទំព័រ​ប្រវត្តិសាស្រ្ដកម្ពុជា ត្រូវស្ថិតនៅលើសំភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ នេះជាមូលដ្ឋាន។ នៅក្នុងសម័យកាលនោះ មនុស្សប្រើថ្ម​ ឬគ្រួសធំៗ មានទំហំប៉ុនកដៃ កជើង ធ្វើជាគ្រឿងអាវុធ ឬឧបករណ៍ដោយបំបែក ឲ្យមានមុតមាត់ដូចជា​ ពូថៅ ឬពន្លាកជាដើម។ គ្រួសធំៗដែលគេយក មកធ្វើប្រដាប់ប្រដាប្រើ​ប្រាស់ភាគច្រើនជាគ្រួសសមញ្ញ ដែលគេជួប ប្រទះនៅតាមដង​ស្ទឹង ឬមាត់ទន្លេផ្សេងៗ។[3]
II.      សម័យកាលមធ្យម
៤.   ពីឆ្នាំ ១៤០០០០ ដល់ឆ្នាំ ១០០០០០ មុនគ្រឹស្ដសករាជ បុព្វបុរស​ខ្មែររស់នៅជាក្រុមតូចៗ ក្នុងកុលសម័្ពនតាមខ្ពង់រាប និង ចង្កេះភ្នំ ដោយការបរបាញ់សត្វ ការបេះផ្លែឈើពីធម្មជាតិ និងការដាំ ដើមឈើ​បន្ដិចបន្ដួចនៅជុំវិញលំនៅដ្ឋានរបស់ខ្លួន ដែលជាកូនខ្ទមផុត ពីដី។ រីឯឧបករណ័ច្រើនធ្វើអំពីថ្ម។​[4]
៥.   អាយុប្រមាណ ១២០០០០ ដល់ ១២០០០ ឆ្នាំ មុនគ្រឺស្តសក- រាជ ក្នុង​សម័យនេះ មនុស្សមានការរីកចំរើនផ្នែកវប្បធម៌ ដូចជា​ការ រកឃើញធាតុភ្លើងសំម្រាប់ចំអិនប្រចាំថ្ងៃ និងការស្ថាបនា​ឧបករណ៍ ប្រើប្រាស់ជាសក្ខីភាព។[5]
III.    សម័យបុរេសិលាខាងចុង
៦.   ពីឆ្នាំ ១០០០០ ដល់ឆ្នាំ ៥០០០ មុនគ្រឹស្ដសករាជ​ ការរស់នៅ​របស់បុព្វបុរសខ្មែរ នៅឧបទ្វីបឥណ្ឌូចិនពុំមានការប្រែប្រួលជាង​សម័យ មុនប៉ុន្មានទេ។ ពួកគេរស់នៅជាកុលសម្ព័នតូចៗ ដោយការបេះផ្លៃ ឈើ ការបាញ់សត្វ និងការដាំដំណាំបន្ដិចបន្ដួច តែពុំ​ទាន់ចេះរំលីងថ្ម ស្លលោហៈធាតុ ដើម្បីធ្វើជាឧបករណ៍ប្រើ​ប្រាស់នៅឡើយទេ។ ក្នុងយុគ វប្បធម៌នេះ គេសង្កេតឃើញមាន​ស្ថានីយ៍ជាច្រើនក្នុងឧបទ្វីបឥណ្ឌូចិន ដូចជា ល្អាងស្ពាន ម្លូព្រៃ សំរោងសែន អាងអន្លង់ផ្ដៅ ព្រែកឆ្លូង ឡុកនិញ ហ្វបិញ (កម្ពុជាក្រោម) និងលព្វបុរី (ថៃបច្ចុប្បន្ន)។[6]
IV.    សម័យកាលនវសិលា
៧.  អំឡុងឆ្នាំ ៥០០០ មុនគ្រឹស្ដសករាជ គឺជាសម័យសិលា ឬ ថ្មរំលីង។ នៅក្នុងសម័យកាលនេះ គេសំគាល់ឃើញវត្តមាននៃភូមិដ្ឋាន របស់បណ្ដាជនខ្មែរដែលរស់នៅតាមដងទន្លេនានា។ ពួកគេបាន​ចុះពី ខ្ពង់រាប និងចង្កេះភ្នំ មករស់នៅវាលទំនាប និងតាមដងទន្លេ​នានាក្នុង ឥណ្ឌូចិន ដែលសំបូរទៅដោយភោកទ្រព្យធម្មជាតិ ដូចជា ត្រី ខ្យង សាច់ បន្លែ អន្លក់។ ពួកគេក៏ចេះរំលីងថ្ម សាង​សង់លំនៅដ្ឋាន ផ្សាំងសត្វ ធ្វើស្រែចំការ និងបង្កើតសិប្បកម្ម​គ្រប់​បែបយ៉ាង។ នៅ សម័យនវសិលា គឺជាសម័យបដិវត្តន៍មួយផ្នែកវប្បធម៌ សង្គមកិច្ច និង សេដ្ឋកិច្ច។[7]
៨.   នៅរូងភ្នំល្អាងស្ពាន ដែលជាស្ថានីយបុរេប្រវត្តិក្នុងភាគ ពាយ័ព្យនៃប្រទេស​កម្ពុជា គេដឹងថាមានមនុស្សរស់នៅតាំងពី ៤២០០ឆ្នាំ មុនគ្រឹស្ដសករាជមកម៉្លេះ ហើយគេចេះធ្វើក្អមឆ្នាំង។[8]
  1. VI.     សម័យកាលលោហធាតុ
៩.  អំឡុងឆ្នាំ ៣០០០ មុនគ្រឹស្ដសករាជ ជាសម័យវប្បធម៌ លោហធាតុធ្វើពី​ស្ពាន់។ បន្ទាប់មកទៀតវប្បធម៌សំរិទ្ធ ដែលមានការ លូតលាស់ដល់កំពូលបានផ្សព្វផ្សាយពេញឥណ្ឌូចិន។[9]
១០.    ពីឆ្នាំ ២០០០ ដល់ ៥០០ មុន គ្រឹស្ដសករាជ យើងបានជួបនូវ​សាស្រ្ដា​​វុធ គ្រឿងប្រើប្រាស់ និងអលង្កាធ្វើពីដែក ដូចជាដាវ​លំពែង ដឹង ចប ផាល នង្គ័ល កណ្ឌៀវ ខ្សែក និងកងដៃ កងជើងជាដើម។[10]
១១.    ពីឆ្នាំ ២០០០ មុនគ្រឹស្ដសករាជ និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើម​ចិញ្ចឹម​​សត្វនិងដាំដុះស្រូវ។[11]
១២.    ពីឆ្នាំ ២០០០ ដល់ឆ្នាំ ១០០ មុន គ្រឹស្ដសករាជ ប្រដាប់ប្រដា ដែលគេ​ប្រើប្រាស់ភាគច្រើនធ្វើអំពីស្ពាន់ ដែក សំរិទ្ធ ទង់ដែង និង សំណ ភក់។ គេចេះយកឥដ្ឋទៅពូនត្រា ហើយនៅលើមុខត្រាគេ​ឆ្លាក់រូប ឬ ក្បាច់ក្បូរ ដើម្បីយកទៅប្រថាប់នៅលើសំពត់ជាលំអ។ សម័យចុង ក្រោយនេះជាសម័យមួយជឿនលឿនបំផុត ហើយការរស់នៅក៏មិន ខុសជីវភាពសព្វថ្ងៃតាមជនបទដែរ ដែលពុំទាន់មានការបង្កើតរដ្ឋ ហើយក៏ពុំទាន់មានការទាក់ទងនឹងបរទេស ដែលមានឥណ្ឌា និង អ៊ឺរ៉ុបនៅឡើយ។ លក្ខណៈដ៏ពិសេសរបស់សង្គមខ្មែរ នាសម័យនោះ ស្ថិតនៅក្រោមការដឹកនាំត្រួត្រារបស់មេកន្ទ្រាញ តាមស្រុកភូមិនានា​ ដែលបំពេញនាទីជាមេទ័ព និងមេធ្មប់ផង គឺទំនៀមទំលាប់កប់​ខ្មោច ក្នុងរណ្ដៅ ឬផ្នូរដែលជាប្រពៃណីមួយ ដែលគេនិយមជាទូ​ទៅ។ បើ និយាយម៉្យាងទៀត ខ្មែរមិនទាន់និយមការបូជាសពតាម​សាសនាក្លឹង្គ នៅឡើយ ដែលជាបុព្វហេតុនៃការវិវឌ្ឍន៍មួយយ៉ាង​សំខាន់នៃសង្គម ខ្មែរផ្នែកជំនឿសាសនា។​[12]
១៣.   នៅសំរោងសែន ជាកន្លែងមានមនុស្សមករស់នៅតាំងពី​ជិត ១៥០០ ឆ្នាំ មុនគ្រឹស្ដសករាជ គេបានជីកដីឃើញឆ្អឹងលលាដ៍ ក្បាល ​និងឆ្អឹង​ផ្នែកផ្សេងៗទៀតរបស់សាកសពមនុស្ស ដែល​បង្ហាញ ឲ្យឃើញថាមនុស្សសម័យបុរេប្រវត្តិនោះ ស្រដៀងគ្នានឹង​ជនជាតិខ្មែរ បច្ចុប្បន្ននេះណាស់ ទោះជាខ្មែរសព្វថ្ងៃមានខ្លះ​កាត់ចិន និងខ្លះកាត់ យួនក៏ដោយ។[13]
១៤. នៅក្នុងការរុករករបស់លោក Groslier នៅស្ថានីយ៍ ព្រែកឆ្លូង លោកបានរកឃើញជំរុំមួយ ដែលមានកំផែងរាងមូលព័ទ្ធ ជុំវិញ (វិជ្ឈមាត្រជាង ២០០ម៉ែត្រ) ហើយមានផ្លូវចូលពីរ។ ជំរុំនេះមាន អាយុកាលប្រហែលពី ១៥០០ ដល់ ៥០០ឆ្នាំមុន គ្រឹស្ត សករាជ ។ នៅ ក្នុងជំរុំនេះ លោកបាន រកឃើញរបស់ធ្វើពីថ្ម និងចាន ឆ្នាំងមួយចំនួនធំ ដែលវត្ថុទាំងនោះ បានបង្ហាញឲ្យឃើញថា មនុស្សសម័យនោះរស់នៅ ដោយមានការរៀបចំដោយហ្មត់ចត់។ លើសពីនេះទៅទៀត វត្ថុទាំងអស់ នោះត្រូវបានគេចាត់ទុកជាស្នាដៃ របស់ជនជាតិខ្មែរជាយូរណាស់មក ហើយ គឺមុនពេលដែលជនជាតិនេះមករស់នៅត្រង់វាលទំនាបនៃទន្លេ មេគង្គ និងមុនពេលដែលទទួលអរិយធម៌ឥណ្ឌាទៅទៀត។[14]
១៥.    ប្រមាណជាក្រោយឆ្នាំ១០០០មុនគ្រឹស្ដសករាជ ប្រជាជន ខ្មែរទំនង​ជារស់នៅក្នុងភូមិមានកំពែង ការពារព័ទ្ធជុំវិញជាភូមិ ដែល ច្រើនមានរាងមូលដូចភូមិនានារបស់កុលសម្ព័ន្ធមួយចំនួន ដែលរស់នៅ កន្លែងដទៃទៀតក្នុងប្រេទសកម្ពុជា លាវ និង វៀតណាម សម័យប ច្ចុប្បន្ននេះដែរ។[15]
១៦.    នៅឆ្នាំ ៦០០ មុន គ្រឹស្ដសករាជ ខ្មែរកំពុងតែបង្កើត ឧបករណ៍ធ្វើពីដែក។[16]
១៧.   អ្នកប្រវត្តិសាស្រ្ដបានយល់ថា​ ក្នុងចន្លោះ ឆ្នាំ ៥០០​ និង ឆ្នាំ ២០០ មុន គ្រឹស្ដសករាជ មានប្រជាជនដែលដាំដំណាំ​ស្រូវរស់នៅក្នុង ភូមិតាមតំបន់ជ្រងលងភ្នំសាម៉ុន នៃខ្ពង់រាបមី យ៉ាន់ម៉ា (​Samon Valley in Upper Myanmar)។[17]
១៨.    ពីឆ្នាំ ៥០០ ដល់ ឆ្នាំ ១០០ មុន គ្រឹស្ដសករាជ ខ្មែរយើង និយមប្រើ​បន្ដោងនិមិត្តរូបសត្វខ្លា។ គេបានកត់សំគាល់ថា នៅសម័យ បុរេប្រ​វត្តិមនុស្សភាគច្រើនបានចាត់ទុកថាសត្វខ្លាជាសត្វព្រៃ ដែល​មាន នៅភាពខ្លាំងក្លា និងកាចសាហាវជាងសត្វទាំងពួង ដែលត្រូវ​បានគេ ប្រៀបធៀបទៅនឹងឥទ្ធិពលដ៏ពិសិដ្ឋ ដ៏គួរឲ្យកោតខ្លាច លាយឡំទៅ ដោយការគោរពសក្ការៈផងដែរ។ បើតាម​ការ​ស្រាវជ្រាវថ្មីៗនេះបាន ឲ្យដឹងថាមនុស្សសម័យបុរាណចាត់​ទុក​ សត្វខ្លាជានិមិត្ដសញ្ញានៃ ឥទ្ធិពល ឬអំណាចដ៏ពិសិដ្ឋដែល​បាន​មកពីធម្មជាតិ ដែលអាចប្រឆាំង នឹង​ឥទ្ធិពលទាំងឡាយ ដែល​មនុស្សសម័យនោះតែងតែមានជំនឿរហូត មក។ មិនតែប៉ុណ្ណោះ សត្វខ្លាជានិមិត្តរូប ដែលអាចជួយឲ្យអ្នកដែល មានចិត្ដស្រាល ឬទន់ខ្សោយអាចមានជំនឿជឿជាក់លើខ្លួនឯងឡើង វិញ។[18]
១៩.    ចាប់ពីឆ្នាំ ៥០០ ដល់ឆ្នាំ ១០០ មុន គ្រឹស្ដសករាជ ប្រភពនៃ ជំនឿលើលិង្គ។ តាមការអះអាងនៅក្នុងសៀវភៅវប្បធម៌ និងអរិយធម៌​ខ្មែរ​សង្ខេប​អំពីសាសនាខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្រ្ដ ដោយបណ្ឌិត មីសែល ត្រាណេ ឆ្នាំ២០០៤ ត្រង់ទំព័រទី៣៥ និង ៣៦ បានឲ្យដឹងថា ខ្មែរយើងមានជំនឿទៅលើក្នុងការគ្នុងការគោរព​ទៅលើលិង្គ តាំងពី សម័យវប្បធម៌ថ្មរំលីង រហូតដល់សម័យវប្បធម៌លោហធាតុ គឺមិនមែន ដូចការយល់ច្រឡំរបស់អ្នកប្រវត្តិវិទូមួយ​ចំនួន ដែលសន្និដ្ឋានថាជំនឿ ទៅលើលិង្គព្រះឥសូរ ឬសិវលិង្គ មាន​ប្រភពចេញពីឥណ្ឌាតែមួយ ប៉ុណ្ណោះទេ។ សូមបញ្ជាក់ថា ជំនឿ​លើលិង្គនាសម័យបុរេប្រវត្តិនេះ មានភស្ដុតាងមួយចំនួននៅសល់​ដែលធ្វើអំពីដីដុត ឆ្អឹងសត្វជាភស្ដុតាង បញ្ជាក់ ហើយបុព្វបុរស​ដើមបានយករូបលិង្គនេះ ដើម្បីមកពាក់ធ្វើជា បន្ដោងខ្សែក ដើម្បីធ្វើជាគ្រឿងការពារខ្លួនឲ្យមានសេរីមង្គល។
២០.    នៅ សតវត្សរ៍ទី ៣ មុន គ្រឹស្តសករាជ ព្រះបាទ អសោក បានលើកទ័ពទៅវាយលុក រដ្ឋកលិង្គ នៅឆ្នេរសមុត្រខាងកើតនៃ ប្រទេសឥណ្ឌា ជាហេតុនាំឲ្យអ្នកស្រុកភាសខ្លួនចេញពីទីនោះ។[19]
២១.    នៅសតវត្សរ៍ទី ៣ មុន គ្រឹស្កសករាជ ព្រះពុទ្ធសាសនាបាន ផ្សព្វ​ផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិដោយ ព្រះ បាទ អសោក​គឺមុនការចូលមកដល់នៃព្រហ្មញ្ញសាសនា ដែលបានចូលមក​ប្រទេស កម្ពុជានៅដើមសតវត្សទី១នៃគ្រឺស្តសករាជ។ ពាក្យថា «សុវណ្ណភូមិ» ប្រែថា «ដែនដីមាស» គឺសំដៅរកប្រទេសភូមាបច្ចុប្បន្ន ដែលជាអតីត នគរមន ជាជនជាតិរួមឈាមជ័រភាសាជាមួយខ្មែរ។ ប៉ុន្ដែក្នុងនេះគេក៏ រាប់បញ្ចូលនៅប្រទេសយួនខាងត្បូង ឬអតីត​កម្ពុជាក្រោមស្រុកសៀម ឡាវ និង ម៉ាឡេស៊ីបច្ចុប្បន្ននេះ ដែលជាអតីត​នគរខ្មែរ។[20]
២២.  ជាចុងក្រោយឥទ្ធិពលមកពីឥណ្ឌាមកដល់ក្នុងឆ្នាំ​១០០។[21]
២៣. នៅដើមសតវត្សទី១ នៃគ្រឹស្ដសករាជ មនុស្សខ្មែរមានជំនឿ ទៅ​លើសត្វជានិមិត្តរូបនៃក្រុម។ សម័យនោះខ្មែរចាត់ទុកថាទឹក ដី ភ្លើង ខ្យល់ ឬសត្វមួយចំនួនជាវត្ថុសាកសិដ្ឋ ដើម្បីទ្រទ្រង់ជីវិត​មនុស្ស លោក។ ដោយផ្អែកទៅលើការស្រាវជ្រាវរបស់អ្នក​បុរាណវិទ្យា បាន ចាត់ទុកថាខ្មែរមានជំនឿទៅលើធម្មជាតិ និងសត្វថាជាវត្ថុមានព្រលឹង។ ហេតុនេះហើយបានជាធ្វើឲ្យ​មនុស្សជឿថាសត្វជាបុព្វការីរបស់ខ្លួន ដូច ជាយកឈ្មោះសត្វ និងធម្មជាតិមកតាំងលើកូនចៅរបស់ខ្លួន ហើយ ឈ្មោះបែបនេះ​គេសង្កេតឃើញច្រើនមាននៅតំបន់ព្រៃភ្នំ ដែលមានបង ប្អូនខ្មែររស់​នៅរហូតមកដល់បច្ចុប្បន្ននេះ។

No comments:

Post a Comment