តើ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ នរណា​ខ្លះ​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្មាំង​​?

0 comments
ក្នុង​សៀវភៅ​មួយ​ដែល​មាន​ឈ្មោះ​ថា កម្ពុជា​ប្រជាធិបតេយ្យ​​ដែល​បាន​សរសេរ​រៀបរាប់​ជា​ច្រើន​អំពី​របប​ខ្មែរ​ ក្រហម​ដ៏​ខ្មៅ​ងងឹត​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ពាក្យ​ថា​សត្រូវ ឬ​ខ្មាំង​របស់​អង្គការ​ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ខ្លះ​ៗ​នោះ​គឺ ខ្មែរ​ក្រហម​ចង់​អោយ​​បដិវត្តន៍​របស់​ខ្លួន និង​ប្រជាជន​ទាំង​អស់​មាន​ភាព​ស្អាត​ស្អាត​ស្អំ​។ ប្រជាជន​ទាំង​អស់​​ត្រូវ​​តែ​ស្អាត​ស្អំ​ទាំង​សតិ​អារម្មណ៍​និង​ប្រវត្តិរូប ​ផ្ទាល់​ខ្លួន​ផង​ដែរ​​។​ ​កសិករ​ក្រីក្រ​ត្រូវ​ខ្មែរ​ក្រហម​ចាត់​ទុក​ថា​ជា​អ្នក​បដិវត្តន៍​ដែល​ស្អាត ​ស្អំ​បំផុត ខ្មែរ​​ក្រហម​មិន​​ទុក​ចិត្ត​អ្នក​ផ្សេង​ក្រៅ​ពី​កសិករ​ទាំង​អស់​នោះ​​ឡើយ​។ ប្រជាជន​ដែល​បាន​ប្រព្រឹត្តិ​កំហុស​តូចតាច ដូច​ជា​រអ៊ូ​រទាំង​អំពី​ការ​ធ្វើ​ការ​លំបាក ឬ​ក៏​ការ​លួច​ម្ហូប​អាហារ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្មាំង​របស់​រដ្ឋ និង​ញឹកញាប់​បាន​ក្លាយ​ទៅ​ជា​មុខ​សញ្ញា​ដែល​ត្រូវ​យក​ទៅ​សម្លាប់​ចោល​។ មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បាន​បែង​ចែក​​សត្រូវ​​របស់​ខ្លួន​ជា​ប្រភេទ​គឺ »សត្រូវ​ខាង​ក្នុង» និង​ »សត្រូវ​ខាង​ក្រៅ​»

  • សត្រូវ​ខាង​ក្នុង
គឺ​ជា » ប្រជាជន​ថ្មី» ឬ​» «ប្រជាជន​១៧​មេសា» និង ​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​របប​ចាស់ ដែល​ដឹក​នាំ​ដោយ​លោក​ លន់​​ នល់ ​។ អ្នក​ទាំង​នេះ​ត្រូវ​ខ្មែរ​ក្រហម​ចាត់​បញ្ចូល​ជា​ពួក​មូលធន​និយម និង​ពួក​សក្ដិភូមិ​និយម​។ ជំពូក​ប្រជាជន​ទាំង​នេះ​ក៏​រួម​បញ្ចូល​ទាំង​អ្នក​ដែល​មាន​ដើម​កំណើត​ជា​ ខ្មែរ​ផង​ដែរ​។ សត្រូវ​ខាង​ក្នុង​នេះ​ធ្វើ​ឱ្យ​​មជ្ឈិមបក្ស​មាន​ការ​ខ្វាយ​ខ្វល់​ជាង​អ្វី​ៗ ​​ទាំង​អស់​។ ក្រុម​ដែល​ខ្មែរ​ក្រហម​ចាត់​ទុក​ជា​សត្រូវ​ខាង​ក្នុង​រួម​មានៈ
អ្នក​រដ្ឋការ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ : ក្នុង ​ឆ្នាំ​​១៩៧៥ ខ្មែរ​ក្រហម​​បាន​ធ្វើ​ការ​សម្លាប់​រង្គាល​ អ្នក​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​​។ ខ្មែរ​ក្រហម​ធ្វើ​ការ​សម្លាប់​ចាប់​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រហូត​ដល់​ កូន​ទាហាន​។ អ្នក​ដែល​ធ្លាប់​​បម្រើ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ទាំង​ប៉ុន្មាន​​សុទ្ធ​តែ ​ជា​មុខ​សញ្ញា​ដែល​ត្រូវ​សម្លាប់​។ ជា​ទូទៅ សូម្បី​តែ​សមាជិក​​គ្រួសារ ​និង​សាច់ញាតិ​របស់​គេ​ក៏​ត្រូវ​សម្លាប់​ដែរ​។ ទោះ​យ៉ាង​​នេះ​ក្ដី ជា​សំណាង​ល្អ​ អតីត​ទាហាន និង​អ្នក​រដ្ឋការ​រាប់​ពាន់​នាក់​បាន​ខិត​ខំ​លាក់​អត្តសញ្ញាណ​ខ្លួន ហើយ​បាន​រួច​ជីវិត​មួយ​គ្រា ឬ​រួច​រស់​ជីវិត​រហូត​ដល់​​ដល់​ថ្ងៃ​ដួល​រលំ​របប​ព្រៃ​ផ្សៃ​នេះ​។
ក្រុម​ជនជាតិ​ភាគតិច : ខ្មែរ ​ក្រហម​ចង់​បាន​ជនជាតិ​​ខ្មែរ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ ចាស់​ក្នុង​ការ​អនុវត្តន៍​ផែនការ​បដិវត្តន៍​របស់​ខ្លួន​។ ជនជាតិ​ភាគ​​តិច​ផ្សេង​​ទៀត​ ដែល​មិន​​ទទួល​បាន​​ការ​ទុក​ចិត្ត​ ឬ​មាន​ការ​សង្ស័យ​ពី​បក្ស​ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។
ជនជាតិ​ភាគ​តិច​ដំបន់​ភ្នំ : មុន ​ពេល​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ មេ​ដឹក​នាំ​ខ្មែរ​ក្រហម ភាគ​ច្រើន​ធ្លាប់​បាន​រស់​ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ដំបន់​ភ្នំ​ក្នុង​ ភូមិភាគ​ឦសាន​​។ មេ​ដឹក​​នាំ​​ខ្មែរ​ក្រហម​ទាំង​នេះ​មាន​ការ​ទុក​ចិត្ត​លើ​ជនជាតិ​ភាគ​តិច​ ដំបន់​ភ្នំ​នេះ​ណាស់ ដោយ​យល់​ឃើញ​ថា ជនជាតិ​ទាំង​នេះ​ មាន​ចិត្ត​ស្មោះ​ត្រង់​​។​ ជនជាតិ​មួយ​ចំនួន​​បាន​ក្លាយ​ជា​កង​ការពារ​របស់ ប៉ុល ពត ទៀត​ផង​​។ ប៉ុន្តែ​ទោះបី​​ជា​របប​នេះ​បាន​អះអាង​ថា ស្រឡាញ់​ស្មោះស្ម័គ្រ​ និង​ជឿ​ទុក​ចិត្ត​លើ​ជនជាតិ​ភាគ​តិច​ដំបន់​ភ្នំ​ក៏​​ដោយ​ ក៏​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្លាស់​ទី​លំនៅ​ជនជាតិ​ភាគ​តិច​​ ក្នុង​ដំបន់​មណ្ឌលគិរី​ឲ្យ​ទៅ​ផ្ដុំ​គ្នា​ក្នុង​ស្រុក​កោះញែក នា​ដើម​ឆ្នាំ ១៩៧២ ដែល​​បណ្ដាល​អោយ​ប្រជាជន​ស្លាប់​ជា​ច្រើន​​។ អ្នក​ដែល​ជំទាស់​មិន​ព្រម​ទៅ ត្រូវ​បាន​សម្លាប់​ចោល​។
ជនជាតិ​ភាគ​​​ចាម : ខ្មែរ ​ក្រហម​បាន​បង្ខំ​អោយ​ជនជាតិ​ចាម​ចាក​ចេញ​ពី​លំនៅឋាន​​របស់​ខ្លួន​ ហើយ​ទៅ​រស់​នៅ​លាយ​លំ​ជាមួយ​សហគមន៍​ជនជាតិ​ខ្មែរ​។ ជនជាតិ​ចាម ត្រូវ​បាន​ហាម​មិន​អោយ​និយាយ​ភាសា​ចាម ឬ​គោរព​ សាសនា​អិស្លាម​ (ហាកឹម) និង​បាន​សម្លាប់​ចោល​អស់​ជា​ច្រើន​។ លើស​ពី​ហ្នឹង​ទៅ​ទៀត​ក៏​បាន​បង្ខំ​អោយ​ពួក​គេ​ហូប​សាច់​ជ្រូក​។
ជនជាតិ​ភាគ​តិច​វៀតណាម : សមាជិក ​នៃ សហគមន៍​វៀតណាម​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៧៥​។ ជនជាតិ​វៀតណាម​មួយ​ចំនួន​ ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​ខ្មែរ​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ ទៅ​​ទៀត​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៧៧ និង​ឆ្នាំ ១៩៧៨ ខ្មែរ​ក្រហម​បាន​សម្លាប់​ជនជាតិ​វៀតណាម យ៉ាង​រង្គាល​វិញ ហើយ​មាន​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​រស់​ជិវិត​។
ជនជាតិ​ភាគ​តិច​ចិន : សមាជិក ​នៃ សហគមន៍​ជនជាតិ​នេះ ដែល​ជា​អ្នក​ជំនួញ និង​សហគ្រិន​ក្រុម​ហ៊ុន​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​​ទៅ​ធ្វើ​​ ការងារ​ស្រែ​ចម្ការ​។ ប៉ុន្តែ​ជនជាតិ​ចិន​ មិន​ត្រូវ​បាន​ជ្រើស​យក​ទៅ​សម្លាប់​ចោល​​នោះ​ទេ​​។
បញ្ញវន្ត : មេ ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​មួយ​ចំនួន​ជា​បញ្ញវន្ត​ ត្រូវ​បាន​ចាត់​ទុក​​បញ្ញវន្ត​ដទៃ​ទៀត​ជា​សត្រូវ​ចម្បង របស់​ប្រទេស និង​ជា​ជំពូក​ជន​ពុករលួយ​ដែល​មេ​ដឹក​នាំ​ទាំង​នេះ យល់​ថា​ជា​អ្នក​ធ្វើ​ប្រទេស​ជាតិ​ក្លាយ​ទៅ​ជា​អាយ៉ង​របស់​បរទេស​​។​ បញ្ញវន្ត​ជា​ច្រើន​បាន​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់​ការ​សម្លាប់​ចោល​។ បញ្ញវន្ត​​ដែល​អាច​រស់​ជីវិត​បាន​​លុះ​ត្រា​តែ​អ្នក​នោះ​អាច​លាក់​បាំង​ ចំណេះ​វិជ្ជា និង​អាជីព​របស់​ខ្លួន​។ សាស្ត្រាចារ្យ​​ និង​និស្សិត​មហាវិទ្យាល័យ​​រាប់ពាន់​នាក់​​ត្រូវ​បាន​សម្លាប់​។
  • សត្រូវ​ខាង​ក្រៅ
សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​សង្គម​និយម​មួយ​ចំនួន​ជា​ពិសេស​គឺ ប្រទេស​វៀតណាម និង​អតី​សហភាព​សូវៀត​​។ ​ខ្មែរ​ក្រហម​យល់ថា​ប្រទេស​ទាំង​អស់​នេះ​មាន​គោល​បំណង​ឈ្លាន​ពាន និង​ប៉ុន​ប៉ង ចង់​យក​កម្ពុជា​ដាក់​​ក្រោម​អាណានិគម​។ ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​មនុស្ស​ជា​ច្រើន​ រួម​ទាំង​កម្មាភិបាល និង​កង​ទ័ព​របស់​ខ្លួន​ផង​ដែរ​​ថា​បាន​បម្រើ​អោយ​មនោគមន៍​វិជ្ជា​របស់​ ប្រទេស​ទាំង​នេះ​។ ខ្មែរ​​ក្រហម​បាន​ហៅ​អ្នក​ទាំង​នេះ​ថា​ ខ្មាំង​បង្កប់​​ស៊ី​រ៉ូង​ផ្ទៃ​ក្នុង ។
ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម
កម្មាភិបាល ខ្មែរក្រហម ញាំបាយរួម គ្នា
មនុស្ស​ភាគ​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ភ្នាក់ងារ​របស់​ក្រុម C.I.A របស់​សហរដ្ឋ​អាមេរិក ភ្នាក់​ងារ K.Z របស់ ​សហភាព​សូវៀត និង​ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស​វៀតណាម​។ ខ្មែរ​ក្រហម​ក៏​បាន​ចាត់​ទុក​អ្នក​ដែល​អាច​និយាយ​ភាសា​បរទេស​ថា​ជា ភ្នាក់​ងារ​សម្ងាត់​ផង​ដែរ​។ ការ​ចោទ​ប្រកាន់​​នេះ បាន​ក្លាយ​ទៅ​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​កម្មាភិបាល​មូលដ្ឋាន​ យក​ទៅ​ធ្វើ​ជា​លេស សម្រាប់​​ប្រជាជន​​​​​ណា​ម្នាក់​ដែល​ខ្លួន​ស្អប់​ខ្ពើម​។

No comments:

Post a Comment